ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង និងស្រុកទាំងប្រាំបួន នៃខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញារដ្ឋបាលក្រុង និងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលផ្សាយចេញកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃបានលើកឡើងថា និមិត្តសញ្ញារដ្ឋបាលក្រុង និងស្រុកទាំងប្រាំបួន នៃខេត្តកំពង់ស្ពឺ រួមមាន៖ រដ្ឋបាលក្រុងច្បារមន, រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ, រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ, រដ្ឋបាលស្រុកថ្ពង, រដ្ឋបាលស្រុកភ្នំស្រួច, រដ្ឋបាលស្រុកគង់ពិសី, រដ្ឋបាលស្រុកឪរ៉ាល់, រដ្ឋបាលស្រុកសំរោងទង និងរដ្ឋបាលស្រុកបរសេដ្ឋ។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់រដ្ឋបាលក្រុងច្បារមន មាននិមិត្តសញ្ញារាងមូល មានរូបស្លឹកពោធិ៍ប ញ្ឈរ ។ចំណែករដ្ឋបាលក្រុងឧដុង្គម៉ែជ័យ មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពីរជាន់។
រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌមួយជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានបុរសមួយរូបស្លៀកខោពណ៌ក្រហមក្រមៅកូរស្ករត្នោត ជាតំណាងនៃការប្រកបរបរស្ករត្នោត របស់ប្រជាជន ចាប់តាំងពីសម័យដើមរហូតដល់បច្ចុប្បន្ន។
ចំណែករដ្ឋបាលស្រុកថ្ពង មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានសត្វទន្សោងមួយក្បាលឈរជាតំណាង មានភ្នំគ្របដណ្តប់ដោយព្រៃឈើខៀវស្រស់បំព្រង ដែលជាជម្រកសត្វព្រៃ និងជាតំបន់ទេសចរណ៍ មានផ្ទៃទឹកជាតំណាងនៃប្រព័ន្ធធារាសាស្ត្រសម្រាប់អាងទំនប់អន្លង់ជ្រៃ។
រដ្ឋបាលស្រុកភ្នំស្រួច មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ មានភ្នំគីរីរម្យ មានរង្វង់មូលនាគព័ន្ធ មានដើមស្រល់ប្រាំដើម មានវាលស្មៅខៀវខ្ចី រីឯរដ្ឋបាលស្រុកគង់ពិសី មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ មានរូបសម្តេច ជួន ណាត អង្គុយលើបល្ល័ង្ភពណ៌មាស ។
រដ្ឋបាលស្រុកឪរ៉ាល់ មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានរូបភ្នំឪរ៉ាល់ និងអក្សររដ្ឋបាលស្រុកឪរ៉ាល់ មានពណ៌ស រំលេចក្នុងខ្សែបូពណ៌ក្រហម។
សម្រាប់រដ្ឋបាលស្រុកសំរោងទង មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ មានរូបតេជោមាសជិះសេះមានដាវអាជ្ញាសឹក និងរដ្ឋបាលស្រុកបរសេដ្ឋ មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានសិលាចារឹកឈ្មោះសុវណ្ណភូមិ តម្កល់លើទម្រពណ៌ប្រផេះ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែសីហា បានប្រាប់ឱ្យដឹងថា ការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង និងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ គឺជារឿងចាំបាច់ និងផ្តល់ផលចំណេញច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសជួយទាកទាញ់ការវិនយោគ លើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ខេត្តថែមទៀត។
លោកបានអះអាងថា ៖ «មុនសម្រេច និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារបស់ក្រុងស្រុកនីមួយៗ គឺយើងបានសរសេររៀបរាប់យ៉ាងលម្អិតពីព័ត៌មានប្រជាជន ផ្ទៃដី តំបន់ភូមិសាស្រ្ត សក្តានុពលនានារបស់ក្រុង ស្រុកនីមួយៗរួចរាល់អស់ហើយ។ អីចឹង! វានឹងបង្កភាពងាយស្រួយដល់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តារអ្នកវិនិយោគទាំងឡាយងាយស្រួលបោះទុន និងសិក្សាស្វែងយល់ផងដែរ»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលក្រុង និងស្រុកទាំង៩នេះ ត្រូវប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាទាំងនោះ ដោយត្រូវដាក់នៅកន្លែងធ្វើការងារនូវរដ្ឋបាលក្រុង និងស្រុកនីមួយៗ ត្រូវប្រើប្រាស់លើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង/ស្រុក និងសម្រាប់ប្រើប្រាស់ក្នុងពិធីនានាដែលសមស្រប និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗ តាមការចាំបាច់៕




ដោយ៖បូរ ពេជ្រហ្សាលីន