កងម៉ារីនអាមេរិក ៣នាក់ស្លាប់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រក្នុងពេលធ្វើសមយុទ្ធយោធានៅអូស្រ្តាលី

ដាវីន៖ កងម៉ារីនអាមេរិក៣នាក់បានស្លាប់ នៅថ្ងៃទី២៧ ខែសីហានេះ បន្ទាប់ពីឧទ្ធម្ភាគចក្រ Osprey មួយគ្រឿងបានធ្លាក់នៅតំបន់កោះត្រូពិច ស្ថិតនៅភាគខាងជើងនៃប្រទេសអូស្រ្តាលី ក្នុងអំឡុងពេលធ្វើសមយុទ្ធ Exercise Predator’s Run 2023 នេះបើតាមការបញ្ជាក់ពីមន្រ្តីយោធាអាមេរិក។

មន្រ្តីអាមេរិកបាននិយាយថា កងម៉ារីន៥នាក់ត្រូវបានជួយសង្គ្រោះនៅទីតាំងកើតហេតុ ហើយដឹកតាមជើងហោះហើរទៅសង្គ្រោះនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងដាវីន ស្ថិតក្រោមស្ថានភាពរបួសធ្ងន់ធ្ងរ ខណៈដែលប៉ូលិសអូស្រ្តាលីកំពុងរុករកអ្នកនៅរស់រានមានជីវិតផ្សេងទៀតនៅហ្នឹងកន្លែងកើតហេតុ។

មុនពេលជួបគ្រោះថ្នាក់ ឧទ្ធម្ភាគចក្រនេះមានអ្នកជិះនៅលើនោះសរុបចំនួន២៣នាក់ នេះបើតាមមន្រ្តីយោធាអាមេរិកបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។ គិតមកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត ហើយការស៊ើបអង្កេតរកមូលហេតុបានចាប់ផ្តើម។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានពណ៌នាឧបទ្ទវហេតុនេះថា ជា “សោកនាដកម្ម” និងជារឿងគួរឱ្យសោកសៅ ប៉ុន្តែបានសង្កត់ធ្ងន់ថា អាជ្ញាធរនៅតែព្យាយាមធ្វើការទាំងអស់គ្នា ដើម្បីស្វែងរកមូលហេតុ។ លោក Albanese បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងចង់ធ្វើឱ្យប្រាកដថា ព័ត៌មានណាមួយដែលត្រូវបានផ្តល់ឱ្យ គឺពិតជាត្រឹមត្រូវ។

សូមបញ្ជាក់ថា ភាគខាងជើងនៃប្រទេសអូស្ត្រាលី បានក្លាយទៅជាទីតាំងដ៏សំខាន់ សម្រាប់យោធាអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលអាមេរិក និងអូស្រ្តាលីកំពុងធ្វើការរួមគ្នា ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner