ការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម មានចំនួន ២២.៤ពាន់លានដុល្លារ កើនឡើង១៣.៥ភាគរយ ក្នុងឆ្នាំ២០២២

ហាណូយ៖ ក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា មានតំបន់ឧស្សាហកម្មដែលបានបង្កើតឡើងជាង ៤០០ នៅទូទាំងប្រទេស និងថា ការវិនិយោគផ្ទាល់ពីបរទេសសរុបនៅវៀតណាមក្នុងឆ្នាំ២០២២ មាន២២.៤ពាន់លានដុល្លារ កើនឡើង១៣.៥ភាគរយ បើធៀបនឹងឆ្នាំ២០២១។

រដ្ឋាភិបាលវៀតណាមនឹងផ្តល់ការគាំទ្រខ្លាំងជាងមុន សម្រាប់ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មក្នុងទសវត្សរ៍ខាងមុខ ក្នុងគោលបំណងបង្កើនចំនួនសាជីវកម្មពហុជាតិ ដែលបានវិនិយោគនៅក្នុងប្រទេសវៀតណាម។

កាសែត Vietnam News បានរាយការណ៍ថា រដ្ឋាភិបាលនឹងដាក់អាទិភាពខ្ពស់លើគម្រោងដែលមានបច្ចេកវិទ្យាទំនើប និងប្រព័ន្ធគ្រប់គ្រងទំនើបដែលផលិតទំនិញមានតម្លៃខ្ពស់ ជាមួយនឹងមុខតំណែងសំខាន់ៗនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ពិភពលោក។

កាសែតក្នុងស្រុកបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Tran Quoc Phuong ចេញផ្សាយថា ក្រសួងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីកសាងច្បាប់ស្តីពីតំបន់ឧស្សាហកម្ម និងសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងគោលបំណងដោះស្រាយទុក្ខកង្វល់ធំៗរបស់អ្នកវិនិយោគ។

ទន្ទឹមគ្នា រដ្ឋាភិបាលវៀតណាមបានរំពឹងថា នឹងបង្កើនចំនួនសាជីវកម្មចម្រុះជាតិសាសន៍នៅក្នុងសាជីវកម្មសកលធំៗចំនួន ៥០០ ដែលបានមកបណ្តាក់ទុននៅក្នុងប្រទេសអាស៊ីមួយនេះចំនួន ៥០ភាគរយក្នុងរយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner