មីយ៉ាន់ម៉ាបិទខ្ទប់ការនាំចេញអង្ករជាបណ្តោះអាសន្ន ៤៥ថ្ងៃ ដើម្បីគ្រប់គ្រងតម្លៃក្នុងស្រុក
ណៃពិដោ៖ ប្រទេសមីយ៉ាន់ម៉ានឹងរឹតបន្តឹងលើការនាំចេញអង្ករជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃស្បៀងក្នុងស្រុក ដោយចូលរួមជាមួយឥណ្ឌា ចំពេលមានការរឹតត្បិតលើការផ្គត់ផ្គង់ពិភពលោក។
សមាជិកជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បាននិយាយ៉ាងដូច្នេះថា យើងនឹងកំណត់ការនាំចេញអង្ករប្រហែល ៤៥ថ្ងៃជាបណ្ដោះអាសន្ន គិតចាប់ពីចុងខែសីហានេះ ដោយសារតែការកើនឡើងតម្លៃអង្ករក្នុងស្រុក។មីយ៉ាន់ម៉ាគឺជាប្រទេសនាំចេញអង្ករធំជាងគេទី៥ របស់ពិភពលោក ដោយលក់បានជាង២លានតោនក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។
កាលពីខែមុន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទអង្ករក្រអូបបាសម៉ាទី ដោយកាត់បន្ថយការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោកប្រហែល ១០លានតោន ឬ ២០%។ ទន្ទឹមគ្នា តម្លៃអង្ករសកលដែលលក់ចេញដោយប្រទេសនាំចេញធំៗ រួមទាំងប្រទេសថៃ និងវៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំចាប់តាំងពីឥណ្ឌាសម្រេចចិត្តទប់ស្កាត់ការផ្គត់ផ្គង់។
ចំណែកប្រទេសនាំចូលអង្ករនានា រួមទាំងហ្វីលីពីន និងឥណ្ឌូនេស៊ី កំពុងប្រញាប់ប្រញាល់បង្កើនការទិញអង្ករ ខណៈដែលបាតុភូតអាកាសធាតុក្តៅខ្លាំងអ៊ែលនីណូ ត្រូវបានរំពឹងថា នឹងកាត់បន្ថយផលិតកម្ម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

