រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ
កំពង់ស្ពឺ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានធ្វើដំណើរទស្សនកិច្ច ជួបសំណេះសំណាល ជាមួយមន្រ្តីឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺដើម្បី ពិនិត្យទីតាំងដាំកូនឈើ ,អញ្ជើញថ្វាយបង្គំព្រះអង្គគោកធ្លកបន្ទា , ពិនិត្យមើលតំបន់អាណាធិបតេយ្យក្នុងឧទ្យានជាតិគិរីរម្យ ,បន្តមើលទីតាំងឧទ្យានបោះតង់គិរីរម្យ , ពិនិត្យមើលសហគមន៍ចំបក់ និងសិប្បកម្មកែច្នៃឬស្សី ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ដែលអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនឹងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីឧទ្យាជាតិ ក៏បានចុះទៅពិនិត្យទីតាំងដាំកូនឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ។ ជាលទ្ធផល ការចាក់ដី បំពេញកសិណខាងក្នុង និងខាងក្រៅ សម្រេចបានលទ្ធផលជិត ៩០% ហើយ ដោយឡែកចំពោះការដាំស្មៅ និងដើមឈើ នឹងសម្រេចឱ្យបានត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។
គួររម្លឹកជូនថា ក្រសួងបរិស្ថានបានសម្រេចដាំដើមឈើប្រមាណជិត ២ម៉ឺនដើម នៃផែនការសរុបប្រមាណ ៣ម៉ឺនដើម លើផ្ទៃដីជាង ២ហិកតា ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ៕
ដោយ / គ្រី សម្បត្តិ








