AVIVoice Ep133 : ការវិលត្រឡប់រសប់លោក ថាក់ស៊ីន និងរបត់នយោបាយបច្ចុប្បន្ននៅថៃ
ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រេចចិត្តវិលចូលស្រុកវិញក្រោយការនិរទេសក្រៅប្រទេសអស់រយៈពេលជា ១៥ឆ្នាំ និងការខកខានការសន្យាក្នុងការវិលចូលស្រុកវិញជាច្រើនលើកច្រើនសារ។ នៅថ្ងៃដដែលនោះ សភារបស់ប្រទេសថៃក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក Srettha ឱ្យក្លាយជានាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលនេះគឺ ជាការបើកទំព័រនយោបាយថ្មីនៅប្រទេសថៃផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សុទ្ធ ឆាយហេង នឹងពន្យល់អំពីសាវតានៃលទ្ធភាពដែលអាចធ្វើឱ្យលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញ និងគោលនយោបាយថ្មីនៃគណបក្សភឿថៃក្រោមការដឹកនាំរបស់លោក Srettha។
សំណួរទី១៖ ក្រោយពីការនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំ លោក ថាក់ស៊ីន បានវិលត្រឡប់មកដល់មាតុប្រទេសវិញកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ជាបឋម តើអ្វីគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យលោកថាក់ស៊ីន សម្រេចវិលត្រឡប់មកប្រទេសថៃ ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ?
លោក សុទ្ធ ឆាយហេង: បាទ ពិតណាស់នេះជាការវិលត្រឡប់ដ៏ជោគជ័យរបស់លោកថាក់ស៊ីនមកកាន់ប្រទេសថៃ បន្ទាប់ពីលោករស់នៅនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ រាប់តាំងពីលោកបានត្រឡប់មកប្រទេសថៃ ដ៏រយៈពេលខ្លីនៅឆ្នាំ២០០៨ ក្រោយពីបានត្រូវបានយោធាធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦។ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ខ្ញុំអនុញ្ញាតសូមបង្ហាញសាវតាបន្តិច ដែលវាមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន មាននូវឆន្ទៈ និងគោលបំណងក្នុងការវិលត្រឡប់មកកាន់ព្រះរាជាណាចក្រថៃ ដែលការពិតទៅលោកមានបំណងចូលមកជាច្រើនលើកច្រើនសារ តាមការសម្របសម្រួលមួយចំនួនត្រូវបានរៀបចំឡើងដោយថ្នាក់ដឹកនាំគណបក្សភឿថៃ ទាំងនៅក្នុងអាណត្តិរបស់លោកជំទាវ យីងឡាក់ ប៉ុន្តែការរៀបចំទាំងឡាយតែងតែមានជួបនូវការប្រឈម និងការប្រឆាំងជាច្រើន ដែលមិនអាចឱ្យលោកមានឪកាសវិលមកកាន់ប្រទេសថៃ។ នៅក្នុងឆ្នាំនេះ កាលពីថ្ងៃទី២២ ខែសីហា លោកបានធ្វើដំណើរនិវត្តន៍មកដល់អាកាសយានដ្ឋានដនមឿង នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានម្រេច ខ្ញុំគិតថាយ៉ាងហោចណាស់មានកត្តាសំខាន់៣ ដែលអាចធ្វើឱ្យលោកមានឪកាសអាចមកបានដោយជោគជ័យ។ ទី១ ខ្ញុំសូមសង្កត់ធ្ងន់ថា ដំណើរត្រឡប់មកវិញរបស់លោកថាក់ស៊ីន គឺប្រព្រឹត្តទៅនៅក្នុងថ្ងៃតែមួយដែលសភារបស់ថៃបានបោះឆ្នោត ជ្រើសរើសលោក Srettha Thavisin មកពីគណបក្សភឿថៃ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដឹកនាំគណរដ្ឋមន្រ្តីថ្មីនាពេលដ៏ខ្លីខាងមុខនេះ។
ដូច្នេះ ខ្ញុំគិតថាមូលហេតុចម្បងទីមួយ គឺគណបក្សភឿថៃគឺជាគណបក្សដែលដឹកនាំរដ្ឋាភិបាល ពីព្រោះនៅក្នុងតួនាទីជាអ្នកដឹកនាំរដ្ឋាភិបានថ្មី គណបក្សភឿថៃ អាចសម្របសម្រួលឱ្យផែនការនៃការវិលត្រឡប់របស់លោកថាក់ស៊ីន មិនមែនត្រឹមតែមកវិញដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែការសម្របសម្រួលនានារួមមាន ការដាក់ឱ្យនៅក្រៅពន្ធនាគារ ដូចដែលបានធ្វើរួចទៅហើយ។ ហើយជំហានបន្ទាប់ថាតើលោកអាចនឹងមានលទ្ធភាពត្រូវបានដាក់ឱ្យនៅក្រៅឃុំ ឬ មានការលើកលែងទោស ឬយ៉ាងណានោះ ពិតជាផែនការបន្តទៀតដែលត្រូវតែជំរុញអនុវត្តឱ្យបានសម្រេច ដែលគឺក្នុងការជឿជាក់ និងជាការយល់ឃើញរបស់ខ្ញុំ។ ដូចនេះ ដើម្បីអាចធ្វើរឿងទាំងអស់នេះទៅបាន ភឿថៃ ជាគណបក្សដែលកាន់អំណាចនៅក្នុងរាជរដ្ឋាភិបាល។
ចំណុចទី២ ដែលខ្ញុំចង់លើកឡើង គឺស្ថិតនៅត្រង់បរិបទនយោបាយថ្មី បើយើងជាអ្នកតាមដាននយោបាយថៃ ឬ បងប្អូនបានដដឹងរួចទៅហើយ រយៈពេល ២ទស្សវត្សន៍ចុងក្រោយ ប្រទេសថៃគឺគ្រប់គ្រងដោយកម្លាំងតែពីរប៉ុណ្ណោះគឺ ក្រុមអ្នកប្រជាធិបតេយ្យប្រជានិយម ដែលដឹកនាំដោយលោក ថាក់ស៊ីន ឬ គណបក្សភឿថៃ ទោះលោកថាក់ស៊ីនដឹកនាំផ្ទាល់ឬមិនផ្ទាល់នៅក្រោយឆាកក្តី ហើយក្រុមមួយទៀតគឺក្រុមអ្នកអភិរក្សនិយម គឺក្រុមយោធា។ កាលៈទេសៈបច្ចុប្បន្ន ក្រោយពេលដែលគណបក្ស Future Forward ដែលទើបតែបង្កើតកាលពីឆ្នាំ២០១៨ ចូលរួមការបោះឆ្នោតកាលពី២០១៩ ហើយកាលពីពេលថ្មីៗនេះ គណបក្ស Move Forward ឈ្នះឆ្នោតក្នុងការបោះឆ្នោតជាសកលឆ្នាំ២០២៣នេះ មានន័យថាបរិបទនយោបាយថ្មីមិនមែនមានតួអង្គកម្លាំងតែបីសំខាន់ៗនេះទេ គឺគណបក្ស Move Forward បានក្លាយទៅជាកម្លាំងចលករសំខាន់ទីមួយ ដែលទាមទារឱ្យមានការធ្វើកំណែទម្រង់ដ៏ខ្លាំងដែលអាចប៉ះពាល់អំណាចរបស់ពួកយោធាខ្លាំងមែនទែន។
ហើយគណបក្សភឿថៃ ដោយឡែកបែរទៅជាចំណុចកណ្តាលនៃកម្លាំងពីរផ្សេងទៀតទៅវិញ ដែលអាចមានលទ្ធភាពនៅក្នុងការចរចា និងចងសម្ព័ន្ធភាពជាមួយនឹងភាគីណាមួយក៏បាន។ ទី៣ គឺក្រុមអភិរក្សនិយមដែលមានយោធាជាដើម។ ខ្ញុំបង្ហាញពីសាវតានេះចង់លើកឡើងថា លោកថាក់ស៊ីន មិនមែនជាគោលដៅនៃចំណុចប្រឈម ឬ ភាពគ្រោះថ្នាក់ខ្លាំងសម្រាប់ពួកអភិរក្សនិយមតទៅទេ។ ផ្ទុយទៅវិញ គឺក្រុមគណបក្ស Move Forward ដែលដឹកនាំដោយលោក Pita និងក្រុមឥស្សរជននយោបាយរបស់គណបក្សកៅក្លៃ ទៅវិញទេដែលជាកម្លាំងដែលមានឥទ្ធិពលខ្ពស់ទៅលើអំណាច និងឥទ្ធិពលរបស់ពួកអ្នកអភិរក្សនិយមទៅវិញ។
នេះហើយ ទើបអាចផ្តល់ឱកាសឱ្យលោកថាក់ស៊ីនអាចសម្រេចនូវកិច្ចព្រមព្រៀង និងសម្ព័ន្ធភាពជាមួយគណបក្សដែលមកពីក្រុមអ្នកអភិរក្សនិយមទៅវិញ។ នៅក្នុងកាលៈទេសៈដែលក្រុមអភិរក្សនិយមកំពុងតែផ្តោតការប្រកួតប្រជែងជាមួយនឹងខាងកៅក្លៃ គណបក្សភឿថៃ បានរៀបចំខ្លួនឯងនូវចំណុចកណ្តាលដែលក្នុងកាលៈទេសៈដែលតម្រូវឱ្យភឿថៃ អាចចងសម្ព័ន្ធភាពជាមួយនឹងគណបក្សកៅក្លៃ ក៏លោកអាចធ្វើទៅបាន ហើយនៅក្នុងកាលៈទេសៈដែលអាចត្រូវចងសម្ព័ន្ធភាពជាមួយនឹងក្រុមអភិរក្សានិយម ក៏លោកអាចធ្វើទៅបានដែលវាជាកាលៈទេសៈមួយមានផលប្រយោជន៍សម្រាប់លោកថាក់ស៊ីននាពេលបច្ចុប្បន្ន។
សំណួរទី២៖ ជាបន្ទាប់ តើការវិលត្រឡប់របស់លលោកថាក់ស៊ីន លើកនេះនឹងជះឥទ្ធិពលអ្វីខ្លះដល់ឆាកនយោបាយនៅប្រទេសថៃ?
លោក សុទ្ធ ឆាយហេង: បាទ ខ្ញុំសូមជំរាបលោក និងប្រិយមិត្តអ្នកស្តាប់ថាវាពិបាកសម្រាប់ខ្ញុំបន្តិចក្នុងការរៀបរាប់ក្បោះក្បាយនៅពេលនេះទៅលើភាពច្បាស់លាស់ចំពោះសំណួរខាងលើ។ ប៉ុន្តែ ចំពោះអាទិភាពបច្ចុប្បន្នដែលសំខាន់សម្រាប់គណបក្សភឿថៃ និងលោកថាក់ស៊ីននៅពេលនេះគឺដូចរៀបរាប់ខាងដើម ដោយកត្តាទី១ គឺធានាឱ្យបានថាលោកថាក់ស៊ីន គឺអាចនៅក្រៅឃុំ និងអាចនឹងមានការលើកលែងទោស ដែលមានអ្នកវិភាគ និងអ្នកតាមដានបានសន្និដ្ឋានថានេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងគនបក្សភឿថៃ ជាមួយនឹងក្រុមអភិរក្សនិយម និងក្រុមយោធាទាំងអស់នោះជាដើម ថាតើអាចធ្វើឱ្យក្លាយទៅជាការពិតបានដែរឬទេ នៅក្នុងពេលវាលាសមស្របណាមួយ។ នេះជាអាទិភាពទី១ របស់គណប្សភឿថៃ។
ទី២ គឺការរក្សាឱ្យបាននូវស្ថេរភាពនៃរដ្ឋាភិបាលថ្មី ហើយតួអង្គនយោបាយដែលសំខាន់ក្នុងការសម្រេចបានគឺលោកថាក់ស៊ីន ព្រោះលោកមិនមានសមាជិកភាពផ្លូវការនៅក្នុងគណបក្សភឿថៃ ឬមិនមែនជាំអ្នកដឹកនាំក្តី ក៏ប៉ុន្តែការសម្រេចចិត្តនានាទាក់ទងនឹងទិសដៅ ក៏ដូចជាជំហរគឺគណបក្សភឿថៃ ច្បាស់ណាស់គឺមិនអាចចៀសផុតពីភាពពាក់ព័ន្ធរបស់លោកថាក់ស៊ីនបានទេ។ លោកថាក់ស៊ីន នៅតែដើរតួជាតួអង្គនយោបាយក្នុងការរសម្រេចចិត្តទាក់ទងនឹងជំហរនយោបាយរបស់គណបក្សភឿថៃនៅក្នុងកម្រិតណាមួយ។ ហើយលោកគឺជាតួអង្គមួយដែលសំខាន់ អាចសម្រេចនូវការចរចាជាមួួយនឹងបណ្តាអ្នកនយោបាយមកពីជំហរផ្សេងៗ។
វាពិតជាសំខាន់ដែលបង្ហាញពីឥទ្ធិពលនៃការសម្រេចចិត្ត និងការចរចារបស់លោកថាក់ស៊ីន។ មួយទៀតគឺ ទាក់ទងថាតើឥទ្ធិពលនយោបាយរបស់លោកថាក់ស៊ីន អាចមានលើសពីការសម្រេចនៅក្រៅឆាកហើយលោកថាក់ស៊ីន នឹងឡើងមកលើឆាកផ្ទាល់ជាតួអង្គនយោបាយជាផ្លូវការ ជាបេក្ខភាពនាយករដ្ឋមន្រ្តី ជាឋានៈណាមួយនៅក្រោមនាយករដ្ឋមន្ត្រី ពេលដែលសង្ឃឹមថាលោកបានដោះលែងនោះ នេះប្រហែលជាពិបាកក្នុងការវាយតម្លៃនៅពេលបច្ចុប្បន្ន ជារឿងដែលមិនមែនថាមិនអាចទៅរួចទេ យើងអាចចាត់ទុកថាជារឿងមួយដែលយើងគួរតែបន្តតាមដាន។
សំណួរទី៣៖ ដោយឡែកដូចដែលលោកឆាយហេងបានរំលេចឡើងកាលពីសំណួរខាងដើម គឺកាលពីថ្ងៃទី២២ ខែសីហា ដដែលនោះសភានៃប្រទេសថៃក៏បានបោះឆ្នោតផ្តល់់សេចក្តីទុកចិត្តដល់លោក Srettha Thavisin នៃគណបក្សភឿថៃដើម្បីក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីបន្ទាប់ពីមានការជាប់គាំងនយោបាយអស់រយៈពេលជិត ៣ខែកន្លងមកក្រោយពីការបោះឆ្នោតសកលរួចនៅឯប្រទេសថៃ។ ពាក់ព័ន្ធទៅនឹងការជាប់ឆ្នោតរបស់លោក Srettha Thavisin នៅក្នុងសភានេះផងដែរ តើលោកយល់ឃើញយ៉ាងដែរ? តើលោក Srettha Thavisin មានយុទ្ធសាស្ត្រអ្វីខ្លះ ដែលលោកអាចទាក់យកបាននូវការចាប់អារម្មណ៍របស់សមាជិកសភាថៃ ដើម្បីបោះឆ្នោតគាំទ្រខ្លួនបន្ទាប់សភាថៃបានបោះឆ្នោតទម្លាក់លោក Pita ដែលមកពីគណបក្សកៅក្លៃចេញពីបេក្ខភាពនាយករដ្ឋមន្ត្រីដល់ទីពីរដង?
លោក សុទ្ធ ឆាយហេង: ពិតណាស់ វាជាកាលានុវត្តភាពនយោបាយមួយដែលគណបក្សភឿថៃគ្រប់គ្រងបានល្អមែនទែន យើងអាចនិយាយបានថាក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ ពីព្រោះនៅទីបំផុតបេក្ខភាពនាយករដ្ឋមន្ត្រីដែលគណបក្សភឿថៃដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតពិតជាបានសម្រេចទៅនៅក្នុងវគ្គទី១តែម្តង ហើយមិនមែនត្រឹមតែទទួលបានសម្លេងប្រកៀកប្រកិតនៅសម្លេង ៣៧០ នៃ ៥៧៦ អាសនៈ ដែលសភាកំណត់នោះទេ ប៉ុន្តែគឺទទួលបាននូវជាង ៤៨០ អាសនៈ ដែលលោក Srettha Thavisin ត្រូវបានជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ត្រឡប់មកត្រង់នេះខ្ញុំសូមសង្កត់ធ្ងន់ថាគណបក្សភឿថៃពិតជាបានលេងហ្គេមមួយដែលល្អមែនទែន ព្រោះនៅក្នុងកាលៈទេសៈនៅពេលដែលខ្លួនឈ្នះឆ្នោតត្រឹមតែលេខរៀងទី២ មានសម្លេងត្រឹម ១៤០អាសនៈ តិចជាងគណបក្សកៅក្លៃ ជំហានដំបូងភឿថៃបានរួមសម្ព័ន្ធភាពជាមួយគណបក្សកៅក្លៃ ហើយក្នុងពេលទន្ទឹមពេលនោះខ្លួនបាននៅផ្តល់ឱកាសឱ្យគណបក្សដែលឈ្នះឆ្នោតដឹកនាំក្នុងកាតព្វកិច្ចរៀបចំរដ្ឋាភិបាល ប៉ុន្តែមិនមែនមានន័យថា ភឿថៃនៅស្ងៀមស្ងាត់នោះទេ ទន្ទឹមនៅពេលនោះខ្ញុំជឿថាគណបក្សភឿថៃក៏ប្រហែលបានមើលឃើញពីស្ថានការន៍ដែលអាចនឹងមានការវិវត្តន៍ទៅមុខនៅរយៈពេលប៉ុន្មានខែចុងក្រោយមក ដោយធ្វើការរៀបចំនូវផែនការនានាដែលចាំបាច់នៅក្នុងកាលៈទេសៈណាដែលផ្តល់ឱ្យភឿថៃក្នុងការដឹកនាំរដ្ឋាភិបាល គឺខ្លួនអាចយកឱកាសនោះមកប្រើប្រាស់ដ៏ពេញលេញ។ ទី១ ខ្ញុំគិតថាគណបក្សភឿថៃមានការត្រៀមខ្លួនរួចរាល់នៅក្នុងកាលៈទេសៈមួយដែលត្រូវបានផ្តល់ឱ្យក្នុងការរៀបចំគណៈរដ្ឋមន្ត្រី។
ទី២ ទោះបីជាមានការរិះគន់ខ្លះថា ភឿថៃ បានលេបសម្តីជាមួយនឹងប្រជាជន ឬ សម្តីដែលខ្លួនបាននិយាយកន្លងមកថាមិនរួមគ្នាជាមួយនឹងអ្នកដែលមាននិន្នាការជាមួយនឹងអ្នកអភិរក្សនិយម ឬ ពួកយោធាដែលធ្លាប់ធ្វើរដ្ឋប្រហារទម្លាក់ខ្លួននោះទេ ព្រោះមែនទែនទៅអតីតភាពក៏ជានយោបាយមួយដែលយើងអាចនិយាយបាន គឺក្រុមយោធាជាអ្នកធ្វើរដ្ឋប្រហារទម្លាក់គណបក្សភឿថៃម្តងទៅពីរដងរួចទៅហើយ។ ភាពប្រឈមទាំងអស់នេះគឺខ្ញុំជឿថាភឿថៃយល់ច្បាស់ពីស្ថានការណ៍ ពីផលប៉ះពាល់លើប្រជាប្រិយភាពរបស់ខ្លួននៅពេលបច្ចុប្បន្ន ប៉ុន្តែអាទិភាពរបស់គណបក្សភឿថៃដែលមាននៅពេលនេះរួមមាន ទី១ ថាតើប្រជាប្រិយភាពនៅពេលនេះជារឿងដែលសំខាន់បំផុត ឬក៏ទី២ គឺការរៀបចំគណៈរដ្ឋមន្ត្រីថ្មីដោយគណបក្សភឿថៃសំខាន់ជាង។
នៅក្នុងគំនិតរបស់គណបក្សភឿថៃខ្ញុំគិតថាទី២ គឺអាទិភាពដែលចម្បង។ ទី២ ក្រោយពីធ្វើជាគណបក្សប្រឆាំងអស់រយៈពេល ៩ឆ្នាំមកនេះ គណបក្សភឿថៃ យល់ឃើញខ្ញុំជឿថាកត្តាពេលវេលាក៏ភឿថៃយល់ច្បាស់ថានេះគឺជាកាលៈទេសៈដែលពិសេសមួយ ប្រហែលជាអាចនឹងបាត់បង់ប្រសិនបើមិនប្រើប្រាស់ឱ្យបានល្អនៅក្នុងការនាំលោកថាក់ស៊ីនត្រឡប់មកកាន់ប្រទេសថៃវិញ។ ដូច្នេះ បានជាគណបក្សភឿថៃសុខចិត្តទៅរួមសម្ព័ន្ធភាពជាមួយនឹងក្រុមគណបក្សដែលមាននិន្នាការអភិរក្សនិយម។ ខ្ញុំអាចនិយាយយ៉ាងខ្លីថាទាក់ទងនឹងរៀបចំគណៈរដ្ឋមន្ត្រីរបស់គនបក្សភឿថៃនេះ ពិតជាមានការត្រៀមខ្លួនបានពេញលេញ ហើយភឿថៃមានភាពបត់បែន ដូច្នេះ នេះជាការយល់ឃើញរបស់ខ្ញុំចំពោះការរៀបចំនេះ។ ហើយសម្រាប់លោក Srettha Thavisin វិញគឺមែនទែនទៅលោកជាបេក្ខភាពរបស់គណបក្សភៀថៃហើយការរៀបចំផ្សេងៗវាជាកិច្ចការរួមរបស់គណបក្សភឿថៃទៅវិញ មិនមែនជាការខិតខំប្រឹងប្រែងដែលលោក Srettha Thavisin ជាអ្នកដឹកមុខម្នាក់ឯងនោះទេនៅក្នុងកិច្ចការចរចាមួយនេះ។
សំណួរទី៤៖ បើយើងនិយាយអំពីបុគ្គលផ្ទាល់វិញ ចំពោះលោកផ្ទាល់ តើលោកមានទស្សនៈដូចម្តេចចំពោះភាពជាអ្នកដឹកនាំរបស់លោក Srettha Thavisin នៅក្នុងឆាកនយោបាយ ជាពិសេសនៅក្នុងការដឹកនាំក្នុងអាណត្តិថ្មីនេះផងដែរ?
លោក សុទ្ធ ឆាយហេង: មុននឹងខ្ញុំឆ្លើយចំពោះសំណួរនេះ ខ្ញុំសូមបន្ថែមនូវចំណុចចំនួន៣ បន្ថែមទៀតខ្លីៗ។ ទី១ ដែលសភារបស់ថៃបោះឆ្នោតឱ្យលោក Srettha Thavisin ពីព្រោះកិច្ចព្រមព្រៀងមួយត្រូវបានរៀបចំឡើងមករួចទៅហើយ ដោយមានការរៀបចំពីគណបក្សភឿថៃ ដូចជាការបែចេកនូវអំណាចដែលស្ថិតនៅក្នុងគណរដ្ឋមន្ត្រីថ្មីជាដើម។ ទី២ គឺទាក់ទងនឹងបរិបទនយោបាយថ្មី ជារួមទិសដៅរបស់អ្នកយោធា ឬ អ្នកអភិរក្សនិយមនៅពេលនេះមិនមែនជាគណបក្សភឿថៃទាំងស្រុងទៀតទេ គឺគណបក្សកៅក្លៃ។ ទី៣ ទាក់ទងទៅនឹងភាពជាប់គាំងនយោបាយយូរបែបនេះត្រូវតែមានទីបញ្ចប់ ខ្ញុំជឿថាគ្មានអ្ននយោបាយណាមួយចង់ទទួលខុសត្រូវទៅលើភាពជាប់គាំងនយោបាយដែលកាន់តែយូរទៅមុខទៀតទេ វាមិនមានផលចំណេញសម្រាប់ប្រទេសថៃផ្ទាល់នឹងអាចក្លាយទៅជាផលលំបាកមួយសម្រាប់អ្នកនយោបាយផងដែរ។ ត្រឡប់មកកាន់លោក Srettha Thavisin វិញមែនទែនទៅ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនដែលស្គាល់ពីមុនទេ ដូប្នេះពិបាកបន្តិចសម្រាប់ខ្ញុំក្នុងការអត្ថាធិប្បាយឱ្យក្បោះក្បាយថាលោក Srettha Thavisin ជាមនុស្សបែបណានៅក្នុងកម្រិត Personal Level របស់លោក។
ប៉ុន្តែអ្វីដែលយើងអាចបានដឹងនោះគឺតាមរយៈអ្នកនយោបាយក្តី អ្នកព័ត៌មានក្តី គឺបានឃើញថាលោក Srettha Thavisin មិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលគួរឱ្យចាប់អារម្មណ៍បំផុតទេនៅក្នុងកំឡុងពេលនៃការបោះឆ្នោត ព្រោះគ្មានមតិភាគច្រើនទេដែលយល់ថាលោក Srettha Thavisin អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីបានពីបេក្ខភាពរបស់គណបក្សភឿថៃមានដល់ទៅបីរូប ហើយកូនស្រីរបស់លោកថាក់ស៊ីនទៅវិញទេដែលត្រូវបានគេមើលឃើញទោលើកន្លែងមួយនេះ។ ទី២ ទាក់ទងទៅនឹងជីវប្រវត្តិរបស់លោក Srettha Thavisin វិញ។ តាមរយៈជីវប្រវត្តិរបស់លោក លោកគឺជាអ្នកជំនួញ ឬ ជាធុរជនទៅវិញទេ ហើយលោកក៏ជាមហាសេដ្ឋីពាន់លានផ្នែកចលនទ្រព្យរបស់ប្រទេសថៃ ទើបតែចុងឆ្នាំ២០២២ទេ ដែលលោកសម្រេចចិត្តលាលែងពីតំណែងនៅក្នុងវិស័យឯកជនមកចូលរួមក្នុងគណបក្សនយោបាយភឿថៃ ដំបូងជាទីប្រឹក្សារបស់គណបក្ស ហើយក្រោយមកជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប។
លោកជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សានស៊ីរិ ដែលនៅក្នុងប្ទេសថៃគេបានស្កាល់ថាជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលធំ និងឈានមុខមួយ។ បើទាក់ទងនឹងការអប់រំវិញលោករៀននៅប្រទេសថៃត្រឹមតែថ្នាក់បឋមទេ ហើយក្រោយមកបានផ្លាស់ប្តូរទៅរៀននៅសហរដ្ឋអាមេរិករយៈពេលយ៉ាងយូរតាំងពីថ្នាក់វិទ្យាល័យ ដល់ថ្នាក់មហាវិទ្យាល័យ និងថ្នាក់អនុបណ្ឌិត ដោយមាននូវជំនាញខាងផ្នែកបរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Massachusetts និងបរិញ្ញាបត្រធុរកិច្ច ពីសាកលវិទ្យាល័យនៅ California ផងដែរ។ អំពីផ្នែកនយោបាយ អ្វីដែលយើងអាចដឹងបានអំពីលោកគេមើលឃើញថាលោកជាដៃគូយ៉ាងជិតស្និទ្ធ ឬ អ្នកជំនិតរបស់លោកថាក់ស៊ីន និងអ្នកស្រី យីងឡាក់ ជារយៈពេលយូរមកហើយ។
ហើយប្រសិនបើមិនមែនដោយសារតែភាពជិតស្និទ្ធទេ ក៏ពិបាកឱ្យលោកបានឱកាសក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គនបក្សភឿថៃផងដែរ។ ចំណុចនេះមានន័យថាភាពថ្មីរបស់លោកនៅក្នុងជួរគណបក្ស និងនយោបាយប្រហែលជាមាននូវភាពលំបាកសម្រាប់លកនៅក្នុងការដឹកនាំ និងស្វែងរកនូវការគាំទ្រពេញទំហឹងក្នុងការដឹកនាំគណរដ្ឋមន្ត្រីថ្មី ជាពិសេសនៅក្នុងគណរដ្ឋមន្ត្រីមួយដែលបង្កើតឡើងដោយសម្ព័ន្ធភាពនយោបាយរវាងគណបក្សដែលធ្លាប់ជាអតីតសត្រូវនឹងគ្នា ហើយពិបាកណាស់ថាពេលនេះគឺជាំមិត្តភក្តិ ព្រោះថាពេលនេះក្លាយទៅជាមិត្តនឹងគ្នាក្នុងរយ់ពេលដ៏ខ្លីយ៉ាងនេះទេ ដែលពេលនេះសត្រូវរួមរបស់ពួកគេគឺកម្លាំងដែលប្រជែងរួមរបស់ពួកគេគឺ គណបក្សកៅក្លៃ។
សំណួរទី៥៖ បន្ទាប់ពីបានជាប់ឆ្នោតទៅជានាយករដ្ឋមន្ត្រីថ្មី ដោយមានការបោះឆ្នោតផ្តល់ការទុកចិត្តពីសភានៃប្រទេសថៃ តើលោក Srettha Thavisin នៃគណបក្សភឿថៃបានប្រកាសអំពីគោលនយោបាយ និងរបៀបវារៈអ្វីខ្លះហើយឬនៅសម្រាប់ជំហានបន្ទាប់របស់ខ្លួននៅក្នុងការដឹកនាំប្រទេស?
លោក សុទ្ធ ឆាយហេង: បាទ ពិតណាស់កាលពីថ្ងៃទី២២ សភាបានបោះឆ្នោតឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី ហើយក្រោយមកលោកបានទទួលនូវការគាំទ្រនិងព្រះរាជានុញ្ញាតពីព្រះមហាក្សត្រឱ្យលោកក្លាយទៅជានាយករដ្ឋមន្ត្រីផ្លូវការទី៣០ របស់ព្រះរាជាណាចក្រថៃ នៅពេលនេះអ្វីដែលយើងអាចដឹងបានយោងកាសែត Bangkok Post គឺចំណាប់អារម្មណ៍ទៅលើគោលនយោបាយដែលគេហៅជាគោលនយោបាយបែងចែកកញ្ចប់ថវិកាឌីជីថលដែលមានតម្លៃស្មើ ១ម៉ឺនបានរបស់គណបក្សភឿថៃ។ គោលនយោបាយមួយនេះមានលក្ខណៈចម្រូងចម្រាសបន្តិចដោយទទួលបានមតិគាំទ្រខ្លះ និងមិនគាំទ្រខ្លះ ពីគំនិតរបស់អ្នកនយោបាយដែលមើលឃើញថាមានភាពចម្រូងចម្រាសនៅត្រង់ថា គោលនយោបាយនេះអាចទាមទារនូវការចំណាយសរុបជាទឹកប្រាក់រហូតដល់ ៥ រយពាន់លានបាត ដែលស្មើនឹង ១៤,៣ ពាន់លានដុល្លារ ក្នុងចំនួនប្រហាក់ប្រហែលនេះ។
គោលនយោបាយនេះត្រូវបានប្រកាសតាំងពីរយៈពេលនៃការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃម្ល៉េះ ហើយនៅក្រោយពេលដែលលោកបានចូលស្បថនៅព្រះបរមរាជវាំង ហើយនៅក្នុងសន្និសីទសារព័ត៌មានដោយលោកបានបង្ហាញរួចទៅហើយអំពីឆន្ទៈនៅក្នុងការដាក់ដំណើរការនៃគោលនយោបាយមួយនេះ។ សំណួរស្ថិតនៅត្រង់ថា តើគោលនយោបាយមួយនេះអាចប្រព្រឹត្តទៅបានដែរឬទេ ហើយតើអាចអនុវត្តបានដល់កម្រិតណា ដែលនេះគឺជារឿងដែលយើងត្រូវតាមដានបន្តក្នុងកញ្ចប់ថវិកាមួយនេះពិតជាធំ។ ទន្ទឹមនឹងនេះមានន័យថា ប្រសិនជាលោកនឹងដើរតាមគោលនយោបាយតាមការដាក់ចេញដែលលោកបានមានប្រសាសន៍នេះ មានន័យថាគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវពិនិត្យសើរើទាំងស្រុងទៅលើកញ្ចប់ថវិការរបស់ជាតិសម្រាប់ឆ្នាំ២០២៤ ព្រោះគោលនយោបាយនេះចង់ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តែម្តង ដែលធ្វើការបែងចែកកញ្ចប់ថវិកាចំនួន ១ ម៉ឺនបាត សម្រាប់ប្រជាពលរដ្ឋថៃគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើង។ ចំពោះព័ត៌មានលម្អិតថាតើការបែងចែកនេះមានលក្ខណៈបែបណា និងមើលទៅលើគោលការណ៍អ្វីខ្លះ ខ្ញុំក៏មិនមានព័ត៌មានសម្រាប់ធ្វើអត្ថាធិប្បាយនៅពេលនេះបានផងដែរ ប៉ុន្តែចំនួនសំខាន់នៅលើគោលនយោបាយនេះមានភាពផ្តោតទៅលើការស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ ដូចដែលបានដឹងស្រាប់ កូវីដ-១៩ វិបត្តិសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់នានាបានធ្វើឱ្យសេដ្ឋកិច្ចមានការលំបាកមែនទែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឧទាហរណ៍ដូចជា វិស័យទេសចរណ៍ជាដើម ដែលថៃជាប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ខ្លាំងនេះបានជួបវិបត្តិខ្លាំង ដោយសារតែភ្ញៀវទេសចរណ៍ច្រើនណាស់តាំងពីកូវីដមក ដូចនេះវាជាអាទិភាពដែលរដ្ឋាភិបាលថ្មីត្រូវតែដោះស្រាយជាចម្បង។ ទាក់ទងនឹងផ្នែកគោលនយោបាយការបរទេសវិញ តួនាទីរបស់ប្រទេសថៃក្នុងតំបន់ ក្នុងអាណត្តិរបស់លោក ប្រាយុទ្ធ ដែលអ្នកតាមដានមើលឃើញថាមានលក្ខណៈស្ងប់ស្ងាត់ឬក៏មិនមានភាពឈានមុខដូចពីកាលសម័យដើមនោះទេ នោះនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះយើងកំពុងតែតាមដានមើលថាតើលោក Srettha Thavisin មានឆន្ទៈ និងលទ្ធភាពអាចនឹងផ្តោតទៅលើថានាំថៃត្រឡប់មកលើតួនាទីសំខាន់នៅក្នុងតំបន់វិញដែរឬទេ ដែលនេះជាអ្វីដែលយើងនឹងតាមដានបន្ត ប៉ុន្តែអ្វីដែលយើងអាចដឹងបាននោះចំណុចពិសេសមួយគឺ កិច្ចប្រជុំកំពូលរបស់អាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែកញ្ញាខាងមុខនេះគឺយើងអាចរំពឹងបានថា លោក Srettha Thavisin នឹងចូលរួមកិច្ចប្រជុំក្នុងនាមជានាយករដ្ឋមន្រ្តីលើកដំបូងរបស់ប្រទេសថៃ ជាមួយនឹងឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតផងដែរពីប្រទេសកម្ពុជាយើង។
——–
វាគ្មិន៖ លោក សុទ្ធ ឆាយហេង អ្នកគ្រប់គ្រងកម្មវិធីទទួលបន្ទុកកិច្ចការបរទេស នៃមូលនិធិ Konrad-Adenauer ប្រចាំនៅកម្ពុជា (KAS Cambodia)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ