ឯកឧត្តម ហ៊ុន ម៉ានី៖ «ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ»
កំពង់ស្ពឺ៖ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គឺមិនមែនជារឿងចៃដន្យនោះទេ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណជាមួយសមាជិក សមាជិកា និងក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាក្នុងឃុំជង្រុក ស្រុកគងពិសី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដោយការជឿទុកចិត្តនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់អាណត្តិទី៧នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស ពិសេសសម្រាប់ឃុំជង្រុកទទួលបានជ័យជម្នះលេខ១ក្នុងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ។
ស្ថិតក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនៃជំនួបនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជង្រុកនេះផងដែរ។
ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំជង្រុក ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតកន្លងមក ក្នុងនោះក្នុងឃុំជង្រុកផ្ទាល់បានទទួលសំឡេងគាំទ្រដល់ទៅ ៨៦,៦២% បើធៀបទៅនឹងសន្លឹកឆ្នោតបានការ ដែលធ្វើឱ្យឃុំជង្រុកជាប់ចំណាត់ថ្នាក់លេខ១ ក្នុងស្រុកគងពិសី។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា ការទទួលបានជ័យជម្នះនេះ មិនមែនជារឿងចៃដន្យនោះទេ គឺសុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារចលនាបោះឆ្នោតឃុំ សមាជិក សមាជិកា ក្នុងស្មារតីស្រលាញ់គាំទ្រយ៉ាងស្ម័គ្រស្មោះចំពោះគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ម៉ុន សំអាត