ឧស្សាហកម្មកញ្ឆានៅប្រទេសថៃ រំពឹងរកចំណូលបានកាន់តែច្រើនទោះបីទីផ្សារមិនមានភាពប្រាកដប្រជា
ថៃ៖ រាប់ចាប់តាំងពីឆ្នាំ២០២២ ដែលថៃបានកែប្រែការដាំដុះ ឬលក់កញ្ឆាឱ្យទៅជាភាពស្របច្បាប់ ការលក់រុក្ខជាតិនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមតំបន់ទេសចរណ៍។
អាជីវករជាច្រើននាក់បានទាញយកអត្ថប្រយោជន៍ពីច្បាប់ថ្មីនេះ ក្នុងការលក់ដោយបើកចំហនូវប្រភេទកញ្ឆាស្ងួតដែលនាំចូលដោយខុសច្បាប់ពីប្រទេសកាណាដា ឬសហរដ្ឋអាមេរិក។ ក្នុងនោះ ការផ្សព្វផ្សាយនានាអំពីផលិតផល ឬអាហារដែលមានដាក់បញ្ចូលនូវសារធាតុកញ្ឆាក៏ត្រូវបានធ្វើ ឡើងដោយបើកចំហផងដែរ។
យ៉ាងណាមិញ អ្នកជំនាញផ្នែកឧស្សាហកម្មកញ្ឆាជាច្រើនបាននិយាយនៅក្នុងបទសម្ភាសថា ការចែកចាយកញ្ឆាបែបនេះអាចនឹងលែងដំណើរការក្នុងពេលឆាប់ៗខាងមុខ ដោយសារតែមានការផ្គត់ផ្គង់លើសតម្រូវការ។
ជាមួយនឹងការដឹកនាំប្រទេសរបស់នាយករដ្ឋមន្ត្រីទើបនឹងជាប់ឆ្នោតថ្មីៗនេះផង មិនមាននរណាម្នាក់អាចដឹងឡើយចំពោះការផ្លាស់ប្ដូរណាមួយទៅលើច្បាប់នេះទេ។
លោក Sirasit Praneenij សហស្ថានិកនៃក្រុមហ៊ុនកសិកម្មកញ្ឆា Medicana បាននិយាយកាលពីពេលថ្មីៗនេះនៅឯកសិដ្ឋានដាំកញ្ឆាមួយកន្លែងថា ចំណូលដែលបានមកពីការលក់ កញ្ឆាទំនងជាកើនឡើងកាន់តែច្រើនថែមទៀត។
លោក Sirasit បានបន្ថែមថា ៖ «កសិករដាំកញ្ឆាថៃជាច្រើនរួមទាំងពួកយើងផងដែរ រីករាយក្នុងការអនុវត្តតាមបទ ប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់សុខភាពប្រជាជាតិ»។
ក្នុងនោះដែរ លោកបានឱ្យដឹងថា កសិដ្ឋានរបស់លោកអាចផលិតបានផ្កាកញ្ឆាស្ងួតចំនួន ២៥ គីឡូក្រាមទៅ ២៧ គីឡូក្រាមក្នុងមួយខែ។
គួររំលឹកថា ពីមុនមកប្រទេសថៃក៏ធ្លាប់មានច្បាប់តឹងរ៉ឹងក្នុងការចរាចរណ៍រុក្ខជាតិញៀនទាំងនេះដែរប៉ុន្តែក្រោយពេលដែលរដ្ឋាភិបាលសម្រេចដាក់ឱ្យការលក់កញ្ឆាទៅជាសកម្មភាពស្របច្បាប់កាលពីខែមិថុនា ឆ្នាំ២០២២ ឧស្សាហកម្មក្នុងស្រុកបានកើនឡើងយ៉ាងឆាប់រហ័ស ពិសេសនៅតាមតំបន់ទេសចរណ៍តែម្ដង។ មិនដល់១ឆ្នាំផង ទូទាំងប្រទេសថៃមានកន្លែងចែកចាយកញ្ឆាប្រមាណ ១២ ០០០ កន្លែង ដែលចំនួននេះហក់ឡើងខ្ពស់ជាងនៅសហរដ្ឋអាមេរិកទៅទៀត។
បើទោះបីជាភាពស្របច្បាប់នៃកញ្ឆាមិនមានភាពប្រាកដប្រជាក៏ដោយ ឧស្សាហកម្មកញ្ឆារបស់ប្រទេសថៃបានរីកលូតលាស់យ៉ាងលឿនតាមរយៈភ្ញៀវទេសចរដែលមានជិត ៤០ លាននាក់ជារៀងរាល់ឆ្នាំ (មុនពេលជំងឺរាតត្បាតរាតត្បាត)។ អ្នកដាំដុះរុក្ខជាតិកញ្ឆាបានអះអាងថា ទីផ្សារកញ្ឆាដ៏សំខាន់ គឺមិនមែនភ្ញៀវក្នុងស្រុកទេ តែជាភ្ញៀវទេសចរដែលចូលមកកម្សាន្ដនៅប្រទេសថៃ។
លោក ស្រេតថាថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកសារព័ត៌មានមុនការបោះឆ្នោតសកលខែឧសភាថា គណបក្ស ភឿថៃ មិនចង់បានការធ្វើឱ្យស្របច្បាប់នៃកញ្ឆានោះទេ ពោលគឺលោកគាំទ្រការប្រើប្រាស់សម្រាប់តែគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណា មានវិនិយោគិនទាំងក្នុង និងក្រៅស្រុកជាច្រើន បានចាប់អារម្មណ៍លើការបណ្ដាក់ទុន លើឧស្សាហកម្មកញ្ឆា រីឯអ្នកដែលកំពុងធ្វើអាជីវកម្មលើឧស្សាហកម្មនេះស្រាប់ក៏កំពុងតែពង្រីកផលិតកម្មរបស់ខ្លួនផងដែរ៕
ដោយ៖កែវ បុស្បា