អភិបាល ខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរឃុំ យកចិត្តទុកដាក់លើ កសិផល ពលរដ្ឋ ពិសេសតម្លៃស្រូវ ធានាតម្លៃឱ្យស្របនិងគុណភាព
(បន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យស្នើអោយប្រធានក្រុមប្រឹក្សា-មេឃុំ យកចិត្តទុកដាក់លើ កសិផលពលរដ្ឋពិសេស តម្លៃស្រូវដែលពលរដ្ឋបង្កបង្កើនផលបាន ធានាតម្លៃអោយស្របនិងគុណភាពគុណភាព មានប្រសាសន៍ដូច្នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ តាឡំនាព្រឹកថ្ងៃទី២៨ សីហា ២០២៣ ។
ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប្លែកវ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជន និងភ្ញៀវ ជាច្រើនរូបទៀត។
លោក វ៉ន វណ្ណា នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានអានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំឡំ ស្រុកមង្គលបូរីរួមមាន
១.ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ពី លោក ហ៊ុត ឈិត មកលោក ខ្ចៅ យ៉ាន ដោយមូលហេតុសមីខ្លួនសុំលាលែងពីតំណែង។
២.សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ លោក ខ្ចៅ យ៉ាន មកលោក ធិម ប្រោញ វិញ។
៣.ទទួលស្គាល់លោក អ៊ិម ហង្សសាន ជំនួសលោក ធិម ប្រោញ ជាសមាជិកក្រុមប្រឹក្សាឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំគោកតាឡំ និងសហការីបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចអោយបានលទ្ធផលល្អមានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ ហើយបម្រើសេវារដ្ឋបាលនិងសេវាសាធារណ:ជូនប្រជាពលរដ្ឋនិងមហាជនអោយបានស្របតាមសំណូមពរ ។
ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍ថា៖ ក្នុងការចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាឡំ ស្រុកមង្គលបូរី គឺជាដំណើរការធម្មតា នៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្នុងមុខងារសាធារណៈ គឺសំដៅធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសើរឡើងថែមទៀត។
ឯកឧត្តម បានផ្ញើដល់ មន្ត្រីតែងតាំងថ្មី ត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន និងប្រសើរឡើងបន្ថែមទៀត ៕
ដោយ ៖ ឃិន គន្ធា