រុស្ស៊ី​បញ្ជាក់​ការ​ស្លាប់​របស់​មេ​ក្រុម​​ទាហាន​ស៊ីឈ្នួលវ៉ាក់ណែ​ ​ក្រោយ​ចេញ​លទ្ធផល​តេស្ត​ហ្សែន​អ្នក​ស្លាប់​​​ដោយ​សារ​ធ្លាក់​​​​​យន្តហោះ​

មូស្គូ៖​ អាជ្ញាធរ​រុស្ស៊ី​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​វ៉ាក់ណែ​ លោក​ យីវជីនី​ ប្រ៊ីហ្គោហ្ស៊ីន​ ក្នុងឧបទ្ទវហេតុ​​ធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ក្រោយ​ពេល​ធ្វើ​តេស្ត​ហ្សែន​សាក​សព​ជន​រង​គ្រោះ​​​ក្នុង​ហេតុការណ៍​នោះ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ Al Jazeera។ 

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ស៊ើប​អង្កេត​រុ​ស្ស៊ី​លោក​ស្រី ​Svetlana ​Petrenko ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ធ្វើ​តេស្ត​ហ្សែន​លើ​សាក​សព​ទាំង​ ១០​ ដែល​បាន​រក​ឃើញ​​ពី​​កន្លែង​យន្តហោះ​ធ្លាក់​ បាន​ស៊ី​គ្នា​ទៅ​នឹង​បញ្ជី​​​​មនុស្ស​​​ ដែល​ជិះ​លើ​យន្តហោះនោះ។

​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​រុស្ស៊ី​បាន​និយាយ​ថា​ លោក​ ប្រ៊ីហ្គោហ្ស៊ីន​ និង​​អនុសេនីយ​ឯក​កំពូល​មួយ​ចំ​នួន​របស់​​លោក​ ស្ថិត​​ក្នុង​បញ្ជីមនុស្ស​ទាំង​១០​នាក់​ រួម​មាន​​អ្នក​ដំណើរ​ប្រាំពីរ​នាក់​ និង​​សេវិក​យន្តហោះ​បី​នាក់​ទៀត​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ គណៈកម្មាធិការ​ស៊ើប​អង្កេត​រុស្ស៊ី​ មិន​បាន​បង្ហាញ​ពី​មូលហេតុ​ ដែល​បណ្តាល​ឱ្យ​យន្តហោះឯកជន​​របស់​លោក​ ប្រ៊ីហ្គោហ្ស៊ីន​ ធ្លាក់​នោះ​ទេ​ ខណៈ​​មាន​ការ​ចោទ​ប្រកាន់​ថា​ លោក​ប្រធានា​ធិបតី​ វ្ល៉ាឌីមៀរ​ ពូទីន​ ជា​អ្នក​បញ្ជា​ឱ្យ​មាន​ការ​សម្លាប់​​លោក​ ប្រ៊ីហ្គោហ្ស៊ីន​ ចំពោះ​ការ​ដឹក​នាំ​​​ទាហាន​វ៉ាក់ណែ​ធ្វើ​ការ​បះ​បោរ​ប្រឆាំង​នឹង​យោធា​រុស្ស៊ី​ កាល​ពី​ពីរខែ​មុន​​។ ​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​ ត្រូវ​បាន​វិមាន​ក្រឹមឡាំង​ច្រាន​ចោល​។

គួរ​រំឭក​ថា​ កាល​ពី​ខែ​មិថុនា​ លោក​ ប្រ៊ីហ្គោហ្ស៊ីន​ អាយុ​ ៦២ ឆ្នាំ​ បាន​ដឹក​នាំ​ការ​បះ​បោរ​​ដ៏​ខ្លី​ ប្រឆាំង​នឹង​យោ​ធា​រុស្ស៊ី​ ​ដោយ​​នាំ​ទាហាន​ស៊ីឈ្នួល​របស់​​លោក​ឱ្យ​ដង្ហែរ​ក្បួន​ពី​អ៊ុយក្រែន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​។​ លោ​ក​ ពូទីន ​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ «​អំពើ​ក្បត់​ជាតិ​»​ ហើយ​បាន​ប្តេជ្ញា​ដាក់​ទណ្ឌកម្ម​ ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ​។​

យ៉ាង​ណា​មិញ​ ​វិមាន​ក្រឹមឡាំង​បាន​កាត់​បន្ថយ​ភាព​តាន​តឹង​ ដោយ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ភ្លាម​ៗ​មួយ​ ជាមួយ​ លោក​ ប្រ៊ីហ្គោហ្ស៊ីន​ ដោយ​សន្យា​​អនុញ្ញាត​ឱ្យ​លោក​មាន​សេរី​ភាព​ដើរ​ហើរ​ ទទួល​បាន​ការ​លើក​លែ​ង​ទោស​ និង​ការ​​ការពារ​សុវត្ថិភាព​ រួម​ទាំង​ការ​និរទេស​ខ្លួន​ទៅប្រទេស​​​បេឡារូស​៕

ប្រភព៖ Wagner boss Yevgeny Prigozhin confirmed dead in crash

ads banner