លីប៊ី ព្យួរតំណែងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ីបានព្យួរការងាររដ្ឋមន្ត្រីការបរទេសលោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយធ្វើការស៊ើបអង្កេតលើមន្រ្តីរូបនេះ បន្ទាប់ពីអ៊ីស្រាអែលបានអះអាងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក Eli Cohen បានជួបជាមួយលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរគ្មានទំនាក់ទំនងផ្លូវការក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ចំណាត់ការរបស់មេដឹកនាំលីប៊ី ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលចេញសេចក្ដីថ្លែងការណ៍ស្តីពីជំនួបនោះដោយអះអាងថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដែលការណ៍នេះ បង្កឱ្យមានការតវ៉ាតូចៗនៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់ភាពស្របច្បាប់របស់អ៊ីស្រាអែល។
ក្រសួងការបរទេសលីប៊ី បាននិយាយថា លោកស្រី Mangoush បានច្រានចោលការជួបជាមួយតំណាងរបស់អ៊ីស្រាអែល ហើយថាអ្វីដែលបានកើតឡើងគឺជា «ការជួបគ្នាដោយចៃដន្យ និងមិនបានត្រៀមទុកក្នុងកំលុងពេលកិច្ចប្រជុំក្រសួងការបរទេសនៅអ៊ីតាលី»។
ក្រសួងការបរទេសលីប៊ីបានបន្តថា ជំនួបនោះមិនរាប់បញ្ចូល «ការពិភាក្សា កិច្ចព្រមព្រៀង ឬការពិគ្រោះណាមួយ» នោះទេ ហើយបានបន្ថែមថាក្រសួង បន្តការបដិសេធទាំងស្រុង និងដាច់ខាតនៃការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២០ មក អ៊ីស្រាអែលបានបោះជំហានធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអារ៉ាប់រួម បារ៉ែន ម៉ារ៉ុក និងស៊ូដង់ តាមរយៈអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងអាប្រាហាំ» ដែលមានអាមេរិកជាអ្នកសម្របសម្រួល។
លោករដ្ឋមន្រ្តីរបស់អ៊ីស្រាអែល Cohen បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ខ្ញុំបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេស(លីប៊ី)អំពីសក្តានុពលដ៏អស្ចារ្យសម្រាប់ប្រទេសទាំង២ ពីទំនាក់ទំនងរបស់ខ្លួន»។ បន្ថែមពីនេះ ក្រសួងការបរទេសអ៊ីស្រាអែលបានគូសបញ្ជាក់ថា ជំនួបនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដោយបន្ថែមថា មន្រ្តីទាំង២បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន និងជំនួយរបស់អ៊ីស្រាអែលក្នុងបញ្ហាមនុស្សធម៌ កសិកម្ម និងការគ្រប់គ្រងទឹកជាដើម៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Libya suspends foreign minister after meeting with Israeli foreign minister