មន្ត្រីកងទ័ពជើងទឹកអាមេរិក៖ ត្រូវប្រឆាំងដាច់ខាតចំពោះសកម្មភាពឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង
អាមេរិក៖ កាលពីថ្ងៃទី២៧ ខែសីហា មេបញ្ជាការនៃកងនាវាចរទី៧របស់កងទ័ពជើងទឹកអាមេរិកបានលើកឡើងថា ៖ «ត្រូវប្រឆាំងដាច់ខាតចំពោះអាកប្បកិរិយាឈ្លានពានរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ហើយការប្រើប្រាស់កាណុងទឹកដោយឆ្មាំឆ្នេរសមុទ្រប្រឆាំងនឹងនាវាហ្វ៊ីលីពីន ត្រូវតែមានការត្រួតពិនិត្យ និងដោះស្រាយ»។
អនុឧត្តមនាវីឯកលោក ខាល ថូម៉ាស (Karl Thomas) បានធានាឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វ៊ីលីពីន ប្រឆាំងនឹងបញ្ហាប្រឈមទាំងឡាយនៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅហ្វ៊ីលីពីនថា «កងកម្លាំងរបស់ខ្ញុំបានឈរជើងនៅទីនោះគឺដោយសារតែមានហេតុផលមួយចំនួន»។
គួរដឹងដែរថា កងនាវាធំបំផុតរបស់កងទ័ពជើងទឹកអាមេរិកដែលឈរជើងនៅប្រទេសជប៉ុន គឺជាកងនាវាទី៧។ កងទ័ពជើងទឹកនេះគ្រប់គ្រងនាវាប្រហែល ៧០ គ្រឿង យន្តហោះជាង ១៥០ គ្រឿង និងមាននាវិកជាង ២៧០០០នាក់។
កងទ័ពជើងទឹកអាមេរិកនេះផងដែរ កំពុងមានប្រតិបត្តិការគ្របដណ្តប់លើតំបន់ដ៏ធំល្វឹងល្វើយ ក្នុងទំហំ ១២៤ លានគី ឡូម៉ែត្រការ៉េ រាប់ចាប់ពីមូលដ្ឋាននៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ លោក ថូម៉ាស បានថ្លែងបញ្ជាក់ថា ៖ «នៅពេលដោះស្រាយជាមួយបញ្ហាប្រឈមនេះ វាចាំបាច់ណាស់ដែលយើងត្រូវប្រកាន់ជំហរមួយរឹងមាំ។ ប្រសិនបើពួកគេកំពុងរុញច្រានព្រំដែនបន្តិចម្តងៗ វាចាំបាច់ក្នុងការទប់ទល់ និងចាត់វិធានការដោយការចល័តចុះឡើង និងចេញប្រតិបត្តិការឥតឈប់ឈរ»។
លោកបានបន្ថែមថា ៖ «គ្មានអាកប្បកិរិយាឆេវឆាវណា ពិបាកទទួលយកបានជាងសកម្មភាពរបស់ចិនកាលពីថ្ងៃទី៥ ខែសីហា នៅលើច្រាំងទន្លេនោះទេ»។ គួររំឭកថា កាលពីថ្ងៃទី៥ ខែសីហា កប៉ាល់ឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងទូកហ្វ៊ីលីពីន ដែលបានដឹកគ្រឿងផ្គត់ផ្គង់ដល់កងទ័ពហ្វ៊ីលីពីននៅលើនាវាចម្បាំងទីក្រុងម៉ានីលដែលកំពុងឈរជើងនៅតំបន់ឆ្នេរសមុទ្រចិនខាងត្បូង។ តំបន់នោះផងដែរគឺជាចំណុចនៃជម្លោះរវាងអាមេរិក និងទីក្រុងប៉េកាំង។
លោក ថូម៉ាស បានលើកឡើងថា លោកបានពិភាក្សាជាមួយអនុឧត្តមនាវីឯក អាល់បេតូ ខាឡូស (Alberto Carlos) ដែលជាប្រធានបញ្ជាការខាងលិចហ្វ៊ីលីពីន ទទួលបន្ទុកត្រួតពិនិត្យសមុទ្រចិនខាងត្បូង ក្នុងការស្វែងយល់ពីបញ្ហាប្រឈមរបស់គាត់នៅក្នុងដំបន់ ដើម្បីស្វែងរកដំណោះស្រាយ។
លោក ថូម៉ាស ដែលកំពុងស្ថិតនៅទីក្រុងម៉ានីលបានពន្យល់ថា ៖ «យើងបានប្រឈមមុខនឹងការលំបាកស្រដៀងគ្នានេះ ដូច្នេះខ្ញុំចង់យល់អំពីទស្សនៈរបស់គាត់ចំពោះប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់គាត់។ បន្ថែមពីលើនេះ ខ្ញុំមានគោលបំណងធានាថាគាត់បានដឹងពីធនធានដែលខ្ញុំកំពុងមាន»។
កាលពីថ្ងៃសៅរ៍ លោក ថូម៉ាស ក៏បានរំលេចផងដែរថា លោកបានហោះហើរពីទីក្រុងម៉ានីល ដើម្បីចេញទៅត្រួតពិនិត្យមើលតំបន់សមុទ្រចិនខាងត្បូង។
កាលពីឆ្នាំ២០១៦ ប្រទេសហ្វ៊ីលីពីនបានឈ្នះក្ដីនៅតុលាការអាជ្ញាកណ្តាលអន្តរជាតិប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីសាលាក្តីពិសេសបានប្រកាសថា ការទាមទារគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងរបស់ទីក្រុងប៉េកាំងដើម្បីដាក់ក្រោមដែនអធិបតេយ្យភាពរបស់ខ្លួន មិនមានមូលដ្ឋានច្បាប់នោះទេ។
គួររំលឹកថា កន្លងមកចិនបានសាងសង់កោះដើម្បីឈរជើងយោធានៅតំបន់សមុទ្រចិនខាងត្បូង ហើយការទាមទារអធិបតេយ្យភាពដោយផ្អែកទៅលើភស្ដុតាងប្រវត្តិសាស្ត្ររបស់ចិន បានត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វ៊ីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ ដោយឡែក ស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters China’s ‘aggressive behaviour’ in South China Sea must be challenged, US Navy official says