ឧបនាយករដ្ឋមន្ត្រីទីម័រ ៖ ប្រជាជនទីម័រចង់មកទស្សនា នៅកម្ពុជា , កិច្ចសហប្រតិបត្តិការទេសចរណ៍ ពិតជាមានសារៈសំខាន់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីម័រ បានគូសបញ្ជាក់សារជាថ្មីអំពីបំណងរបស់ប្រជាជនទីម័រដែលចង់មកទស្សនានៅកម្ពុជា ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ។
ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរសម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ ។
ក្នុងជំនួបនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសទីម័រខាងកើត សម្រាប់ការបន្តរក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបានយ៉ាងល្អប្រសើរ ចាប់តាំងពីរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមកដល់បច្ចុប្បន្ន សម្រាប់រាជរដ្ឋាភិបាលដែលទើបតែងតាំងថ្មី ដែលដឹកនាំដោយ ឯកឧត្តមកិត្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទីម័រខាងកើត លើការរៀបចំសកម្មភាពនានាក្នុងវិស័យទេសចរណ៍ និងក៏ដូចជាការផ្លាស់ប្តូរមន្ត្រីជំនាញទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីម័រ បានអបអរសាទរដល់ប្រទេសកម្ពុជាចំពោះការបោះឆ្នោតប្រកបដោយភាពជោគជ័យ។ ឯកឧត្តម បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ហើយបានរំលឹកផងដែរនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ជាពិសេស ឯកឧត្ដមបានរំលឹកពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោហ៊ុន សែន នៅសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពី ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦ ថាបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ៕
ដោយ ៖ ចាន់ វិចិត្រ