ការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ឆ្នាំ២០២៣
ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) នឹងរៀបចំព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ «CODE-C: Developer Conference and Tech Expo 2023» ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នាពេលខាងមុខនេះ។
CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។
លោក បេ ចន្ត្រា ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា- CADT បានផ្តល់នូវកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន ជុំវិញការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣នេះ។ខ្លឹមសារនៃបទសម្ភាសមានដូចតទៅ៖
សំណួរ៖តើសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣ ធ្វើឡើងជាលើកទីប៉ុន្មាន? ហើយលើកនឹងរៀបចំនៅឯណា?ក្នុងគោលបំណងអ្វី? ហើយមានសារៈសំខាន់ដូចម្តេចខ្លះ?
លោក បេ ចន្ត្រា៖ សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣ ប្រារព្ធឡើងជាលើកទី២ ដែលនឹងរៀបចំឡើងនាថ្ងៃទី ៨-៩ ខែកញ្ញា ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។ សន្និសីទនេះមានគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ កម្មវិធីនេះមានសារៈសំខាន់ណាស់ក្នុងការលើកម្ពស់ចំណេះដឹង និងបង្ហាញការគាំទ្រដល់អ្នកអភិវឌ្ឍន៍សុសវែរ និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ហើយសន្និសីទនេះរៀបចំឡើងសម្រាប់តែក្នុងប្រទេសប៉ុណ្ណោះ។
សំណួរៈតើនឹងមានអ្វីខ្លះ ដែលត្រូវដាក់បង្ហាញ នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣ នាឆ្នាំនេះ?
លោក បេ ចន្ត្រា៖ សន្និសីទនេះនឹងរៀបចំជាកិច្ចពិភាក្សាលើប្រធានបទចំនួនពីរ ។ ក្នុងនោះ ទី១ ផ្តោតលើបច្ចុប្បន្នភាពនៃការគំរាមកំហែងដល់សន្ដិសុខសាយប័រនិងយុទ្ធសាស្ត្រការពារទិន្នន័យអ្នកប្រើប្រាស់និងពង្រឹងឯកជនភាពឌីជីថល និងទី២ទាក់ទងនឹងនិន្នាការបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់អ្នកអភិវឌ្ឍន៍សុសវែរនិងបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឈានមុខដែលកំពុងមានតម្រូវការនៅកម្ពុជា និងសកលលោក។
ក្រៅពីនេះក៏មានវាគ្មិនប្រមាណ ៤៥ រូប នឹងធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមានជាអាទិ៍ ការអភិវឌ្ឍសុសវែរ (Software Development) បច្ចេកវិទ្យាក្លោដ (Cloud Computing ) វេប ៣.០ (Web 3.0) បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រទិន្នន័យ (Data Science) បច្ចេកវិទ្យាទីផ្សារ (MarTech) ការបង្កើតវីដេអូហ្គេម (Game Development) ការរចនាច្នៃប្រឌិត។ មានការតាំងពិព័រណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន និងធុរកិច្ចថ្មីឌីជីថល ប្រមាណ ៥០ ស្ដង់ ព្រមទាំងមានអ្នកចូលរួមជាអ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មកពីក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្ដល់សេវាកម្មឌីជីថល និងសិស្សនិស្សិតប្រមាណ ៣០០០នាក់។
សំណួរៈនៅក្នុងបទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៍នេះ កាលពីលើកទី១ តើលោកមើលឃើញថា យុវជនកម្ពុជា មានការចាប់អារម្មណ៍កម្រិតណាដែរ ចំពោះវិស័យសុសវែរ និងបច្ចេកវិទ្យានេះ?
លោក បេ ចន្ត្រា៖ បច្ចុប្បន្ន យុវជនយើងចាប់ផ្តើមជ្រើសរើសការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីលថលហើយ តាមរយៈការជំរុញការផ្សព្វផ្សាយផ្សេងៗពាក់ព័ន្ធនឹងមុខវិជ្ជា STEM (Science, technology, engineering, and mathematics) នៅថ្នាក់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ គួបផ្សំនឹងតាមរយៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សចាប់ផ្តើមចាប់យកជំនាញឌីជីថលនេះ។
សំណួរៈតើលោកយល់យ៉ាងដូចម្តេច ពីសមត្ថភាពយុវជនកម្ពុជាលើវិស័យនេះ ?
លោក បេ ចន្ត្រា៖ ជាការពិតណាស់ ទាក់ទងទៅនឹងជំនាញនេះ យុវជនយើងនៅមានកម្រិតនៅឡើយ។ ដោយសារទី១ វាអាចទាក់ទងទៅនឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ, ទី២ វាអាចពាក់ព័ន្ធបញ្ហាកកង្វះខាតសម្ភារៈសម្រាប់បម្រើឱ្យការសិក្សាផ្នែកនេះ ឬក៏វាមានមិនគ្រប់គ្រាន់សម្រាប់តម្រូវការជាដើម។
សំណួរៈតើសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣នេះ បើកឱ្យសាធារណជនទូទៅចូលរួម ឬផ្តោតលើអ្នកចូលរួមប្រភេទណា?
លោក បេ ចន្ត្រា៖ សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣នេះ ស្វាគមន៍ជាសាធារណៈ ចំពោះសិស្ស និស្សិត សាធារណៈជនទូទៅ ដែលចាប់អារម្មណ៍វិស័យបច្ចេកវិទ្យាឌីជីថលនេះ ចង់ដឹងពីដំណោះស្រាយបច្ចេកវិទ្យាឌីជីថល ដែលតាំងបង្ហាញដោយក្រុមហ៊ុនបច្ចេកវិទ្យានានា គាត់អាចទៅទស្សនាបាន និងចូលរួមស្តាប់បទបង្ហាញផ្សេងៗបាន ដោយកម្មវិធីនេះ យើងបើកជាសាធារណៈ ចូលរួមដោយសេរី និងឥតគិតថ្លៃ។
សំណួរៈក្នុងនាមប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល តើលោកមានក្តីរំពឹងយ៉ាងដូចម្តេចពីការរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣នេះ?
លោក បេ ចន្ត្រា៖ យើងសង្ឃឹមថា នឹងមានការចូលរួមច្រើនពីអ្នកចូលចិត្តវិស័យបច្ចេកវិទ្យាឌីជីថលនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរនិងពិព័រណ៍បច្ចេកវិទ្យា២០២៣នេះ ព្រោះយើងចង់ប្រមូលផ្តុំអ្នកអភិវឌ្ឍន៍សុសវែរ អ្នកចូលចិត្តបច្ចេកវិទ្យាទាំងអស់ មកជួបជុំគ្នា ផ្តោះផ្តូរចំណេះដឹងទាក់ទងនឹងការវិវត្តន៍នៃបច្ចេកវិទ្យាជាមួយគ្នា រួមទាំងមកទស្សការដាក់តាំងបង្ហាញពិព័រណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ និងផលិតផលថ្មីៗនានា ដែលពាក់ព័ន្ធនឹងវិស័យនេះ។ ប្រសិនបើសាធារណៈជន សិស្ស និស្សិត ដែលមានចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមកម្មវិធី ៖ https://bit.ly/CODE-C2023-REGISTRATION ឬតាមរយៈវេបសាយ៖ https://www.idri.edu.kh/events/code-c-2023/ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៨-៩ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ ព្រឹកដល់ម៉ោង១៧:០០ល្ងាច នៅសកលវិទ្យាល័យអន្តរជាតិអាមេរិកកាំងភ្នំពេញ (AUPP) ដែលបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)ជាអ្នករៀបចំ និងមានការគាំទ្រដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមទាំងមានការ ឧបត្ថម្ភដោយ មូលនិធិ ស.អ (CBRD Fund) និង ក្រុមហ៊ុន Smart Axiataផងដែរ៕ ដោយ៖ វណ្ណ សុជាតា