ភ្ញៀវសណ្ឋាគារត្រូវជម្លៀសចេញ ក្រោយរញ្ជួយដីវាយប្រហារកោះបាលី របស់ឥណ្ឌូនេស៊ី
ហ្សាកាតា៖ ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ និងការរញ្ជួយដីជាច្រើនបានវាយប្រហារលើកោះបាលី និងកោះផ្សេងៗទៀត នាថ្ងៃទី២៨ ខែសីហា នាំឲ្យមានការបញ្ជូនភ្ញៀវទេសចរ ចេញពីសណ្ឋាគារ ទៅកាន់ផ្លូវនានា ប៉ុន្តែមិនមានការខូចខាតអ្វីធំដុំទេ។
ការរញ្ជួយដីនេះបានវាយប្រហារ នៅជម្រៅប្រហែល ៥១៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគឦសាននៃកោះបាលី នៅម៉ោងប្រហែល ៣ និង ៥៥ នាទីព្រឹក នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក ហៅកាត់ថា USGS ។

ការរញ្ជួយត្រូវបានរាយការណ៍ថា កើតមាននៅទូទាំងកោះបាលី ព្រមទាំង នៅកោះ Lombok និងកោះ Sumbawa ដែលនៅក្បែរនោះផងដែរ។
អ្នកស្រុកកោះបាលីបាននិយាយថា ការរញ្ជួយទីពីរ បានបញ្ជូនការរញ្ជួយ “យូរ និងខ្លាំងជាង” ជាងលើកទីមួយ។
អ្នកស្រី Ardylla Yuliacitra អាយុ ៣១ ឆ្នាំ បាននិយាយថា «នៅពេលដែលរញ្ជួយដីលើកទី ១ ខ្ញុំបានដាស់ប្តីរបស់ខ្ញុំ..ការរញ្ជួយដីលើកទីមួយ ធ្វើឱ្យខ្ញុំញ័រដូចនៅលើទូក ហើយទីពីរធ្វើឱ្យផ្ទះរបស់ខ្ញុំញ័រ»។

សណ្ឋាគារបានជម្លៀសភ្ញៀវរបស់ខ្លួន ខណៈបុគ្គលិកបានពិនិត្យឆ្នេរសមុទ្រដោយខ្លាចមានរលកយក្សស៊ូណាមិ។
លោក Nimas Ayu អ្នកនាំពាក្យរបស់សណ្ឋាគារ Artotel នៅតំបន់ Sanur ភាគខាងកើតកោះបាលី បាននិយាយថា «យើងបានព្យាយាមឲ្យភ្ញៀវរក្សាស្ងប់ស្ងាត់ និងផ្តល់ទឹកសារធាតុរ៉ែ និងកន្សែងសម្រាប់អ្នកដែលកំពុងជម្លៀស..បន្ទាប់មក ១៥ ទៅ ២០ នាទី នៅពេលដែលមានអារម្មណ៍សុវត្ថិភាព បុគ្គលិកបានអញ្ជើញភ្ញៀវឱ្យត្រឡប់ទៅបន្ទប់របស់ពួកគេវិញ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត