NOCC ប្រជុំផ្សព្វផ្សាយផែនការ និងគោលការណ៍កីឡារបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកជោគជ័យថ្មីៗក្នុងបេសកម្មធំៗនៅពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី២៨ ខែសីហា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិករបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយកីឡា ពិសេសចលនាអូឡាំពិក ដោយផ្សាភ្ជាប់ជាមួយគោលការណ៍អាទិភាពពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ក្រៅពីក្រើនរំឮកអំពីតួនាទីភារកិច្ច និងទំនួលខុសត្រូវ ដែលថ្នាក់ដឹកនាំ និងមន្ដ្រី NOCC ទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ដើម្បីបំផុសសកម្មភាពចលនាអូឡាំពិកកម្ពុជា ក្នុងរាជរដ្ឋាភិបាល អាណត្ដិថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ បានធ្វើឡើងដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រី NOCC ទាំងអស់ ដើម្បីជ្រូតជ្រាបទាំងអស់គ្នា ហើយដើរឲ្យស្របគ្នា ទាំងចលនាអូឡាំពិក ទាំងគោលការណ៍កីឡារបស់រាជរដ្ឋាភិបាល។ យើងបានផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗរបស់ NOCC ដែលនឹងត្រូវត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការត្រៀមរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ» ។
ឯកឧត្តមបន្ដថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន បានធ្វើឲ្យសុខដុមនីយកម្មក្នុងការងាររៀបចំសកម្មភាព និងការងាររបស់ NOCC ឡើងវិញ ។ នេះគឺជាចំណុចសំខាន់ ដែលគណៈកម្មាធិការជាតិអូឡាំពិក នឹងមានកិច្ចប្រជុំជាបន្ដបន្ទាប់ទៀត ដើម្បីណែនាំបន្ថែម បន្ទាប់ពី NOCC បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិឡើងវិញ កាលពីដើមខែសីហាកន្លងទៅ ក្រោយរួមចំណែករៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រតិបត្ដិករកីឡាឆ្នើមដដែល ក៏បានបង្ហាញការជឿជាក់ និងការប្ដេជ្ញាចិត្តថា ពួកយើងទាំងអស់ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីជួយជ្រោមជ្រែងក្នុងការរៀបចំដំណើរការនៃការអភិវឌ្ឍន៍វិស័យកីឡាជាតិ តាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គឺយើងសង្ឃឹមថា វិស័យកីឡានឹងមានការប្រែប្រួលថ្មីថែមទៀត ហើយនឹងទទួលបានជោគជ័យថ្មីៗថែមទៀត
សូមបញ្ជាក់ថា បេសកម្មធំៗនៅពេលខាងមុខមានចំនួន២ ទី១ គឺ កីឡាអាស៊ីហ្គេម ១៩ នៅទីក្រុងហានចូវ ប្រទេសចិន នៅក្នុងខែ កញ្ញា ឆ្នាំ២០២៣ និង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ ។
សម្រាប់ព្រឹត្តិការណ៍ទាំងពីរខាងលើនេះ កម្ពុជារំពឹងខ្ពស់ថា នឹងនៅតែរក្សាកំណត់ត្រាជោគជ័យ ខណៈដែលបច្ចុប្បន្នកម្ពុជា បានកំពុងបញ្ជូនអត្តពល ១១ប្រភេទកីឡា ចំនួន១៣៦នាក់ ហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសចិនរហូតដល់ចុងឆ្នាំ២០២៣៕
រូបភាព ងីម ឆៃហួត អត្ថបទ ជាវ ចន្ធូ




