សម្តេចតេជោ ហ៊ុន សែន បា្រប់ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឱ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុប ជាជាងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឱ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុប ជាជាងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងសេចក្តីរីករាយ ចំពោះវត្តមានលោកជំទាវ ដែលបានអញ្ជើញមកជួបជាមួយសម្ដេច មុនពេលចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា ក្នុងរយៈកាលដ៏លំបាក ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។
សម្ដេចក៏បានសម្ដែងការពេញចិត្តចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង មានភាពល្អប្រសើរ ជាពិសេស ការប្រៀបប្រឆាំងនិងកូវីដ១៩ដែលជាមហន្តរាយធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ ។

ក្នុងការងារជិត៤ឆ្នាំនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានសំដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាល ក៏ដូចជាពីមន្ត្រីរបស់រដ្ឋាភិបាលទាំងអស់នូវរាល់កិច្ចសហប្រតិ្តការ ទាក់ទងនឹងទំនាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប ។ លោកជំទាវក៏បានរំលឹកអំពីការដែលបានជួបជាមួយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានមានប្រសាសន៍បើកចំហពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប បន្តទៀត ។

សម្ដេចតេជោ ក៏បានរំលឹក និងថ្លែង អំណរគុណចំពោះការងារដែលបានធ្វើកន្លងមក ជាពិសេស ការដែលបានជួយក្នុងគ្រោះមន្តរាយកូវីដ១៩ និងទី២ ជួយកសាងស្ថានីយ៍ទឹកស្អាត នៅបាក់ខែង ដែលបានជួយឱ្យទីក្រុងភ្នំពេញនិងខេត្ត ជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ សម្តេច ក៏បានរំលឹកអំពីកិច្ចប្រជុំកំពូលអាសឹម តាមអនឡាញ ប្រសិនបើគ្មានកិច្ចសាកប្រតិបត្តិការដ៏ល្អទេ គឺយើងមិនអាចធ្វើបានដោយរលូន និងប្រកបដោយជោគជ័យ ក្នុងការសម្របសម្រួលជាពិសេស លើចំហររបស់មីយ៉ាន់ម៉ា ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីជំនួបជាហូរហែនាពេលកន្លងមក រវាងកម្ពុជា និងសហគមន៍អឺរ៉ុប នៅព្រុចសែល តាំងពីឆ្នាំ២០២២ ហើយសម្ដេចបានមានប្រសាសន៍ថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុបផងដែរ ជាជាងយើងធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ៕

ដោយ: វណ្ណលុក