ទីម័រខាងកើត អបអរជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅកម្ពុជា និងអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យរូបឯកឧត្តម ចូលជួបសំដែងការគួរសម ក្នុង ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ។

ឯកឧត្តម បន្តថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានបញ្ជូនរូបឯកឧត្តមមកកាន់ប្រទេសកម្ពុជា ទី១-ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ ពិសេសការបន្តផ្តល់នូវសុខសន្តិភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផង ហើយឯកឧត្តមក៏សូមអបអរសាទរជូនចំពោះសម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា និងទី២-ការអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជានិងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។
ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ បានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម៉រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ដែលនិងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេច បន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា ទីម៉រខាងកើត ។
សម្តេចតេជោមានប្រសាសន៍ទៀតថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត ហ្គូស្មៅ ធ្លាប់បានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២២ និងជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២កន្លងមក ។ សម្តេច ថា សម្តេចនិងឯកឧត្តម ហ្គូស្មៅ មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាងណា ជួយទីម៉រខាងកើតចូលជាសមាជិកអាស៊ាន។ សម្តេចបន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូតពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ទៀតថា ទីម៉រខាងកើត បានត្រៀមលក្ខណៈចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០១១ ទើបរហូតមកដល់ឆ្នាំ២០២២ កន្លងមកនេះ ទីម៉រខាងកើត ទើបបានទទួលស្គាល់ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនិងអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។ សម្តេចតេជោ ក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសតទៅមុខទៀត។

ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម៉រខាងកើត ហើយឯកឧត្តមក៏ដូចជាឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសទីម៉រខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ