នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៖ គ្រប់ក្រសួង ស្ថាប័ន ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព បែងចែកមុខងារឱ្យបានត្រឹមត្រូវ មានជំនាញច្បាស់លាស់ ទើបអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់
(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តាមក្រសួង និងស្ថាប័ននានា ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព យុត្តិធម៌ និងបែងចែកមុខងារឱ្យបានត្រឹមត្រូវ ទើបអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈការកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ គឺជាអទិភាពចាំបាច់បំផុត ព្រោះត្រូវការមន្រ្តីដែលមានជំនាញច្បាស់លាស់ពិតប្រាកដ មកជួយរាជរដ្ឋាភិបាល។
បានណែនាំឱ្យថ្នាកដឹកនាំក្រសួង និងស្ថាប័ននានា ជ្រើសរើសមន្រ្តីចូលក្របខណ្ឌ ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវមានជំនាញច្បាស់លាស់ ដើម្បីជួយកិច្ចការងាររដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ហ៊ុន ម៉ាណែត យល់ឃើញថា ការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនីមួយៗ ត្រូវមានភាពម៉ត់ចត់ ដោយមិនចេះតែដាក់បញ្ចូលនោះទេ។ ត្រង់ចំណុចនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកជាឧទាហរណ៍ថា បើជ្រើសរើសមន្ត្រីកសិកម្ម គឺត្រូវយកអ្នកជំនាញកសិកម្មច្បាស់លាស់ ដោយមិនត្រូវជ្រើសរើសមន្ត្រី ដែលមានជំនាញវិស្វករ និងសំណង់ មកបំពេញការងារក្នុងក្រសួងកសិកម្មឡើយ។
ឯកឧត្តមថា សូមយោគយល់! បងប្អូនដែលចង់ចូលយកក្របខណ្ឌសិន ហើយចាំផ្ទេរចេញ សុំកុំធ្វើបែបហ្នឹង អាណិតគេ អាណិតប្រជាពលរដ្ឋយើង។ បើគ្រាន់តែចូលទៅយកក្របខណ្ឌតែអត់មានជំនាញ គឺបងប្អូនធ្វើបាបគេ ២ចំណុច ថាធ្វើបាបរាជរដ្ឋាភិបាលមួយចុះ ប៉ុន្តែទី១-បងប្អូនទៅដណ្ដើមកន្លែងពីអ្នកមានជំនាញពិតប្រាកដ ដែលគេចង់បាន ហើយមានឆន្ទៈទៅធ្វើការងារ, ទី២ បងប្អូនទៅធ្វើការ តែអត់មានគោលគំនិតទៅ បងប្អូននឹងផ្ទេរចេញ ហើយផ្ទេរមិនបាន អត់ទៅធ្វើការតែម្ដង អ៊ីចឹងពលរដ្ឋ ដែលខាត គឺកសិករមួយឃុំនោះ គឺខាត ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបញ្ជាក់ថា បើរដ្ឋាភិបាលយើង ដើរមិនត្រូវ យើងនឹងពិបាក ព្រោះដាក់គោលនយោបាយឱ្យក្រសួងច្រើន តែគាត់អត់មានមនុស្សមានជំនាញគ្រប់ គាត់ធ្វើអីកើត ហើយបន្ទោសគាត់មិនកើត។ គាត់ខំហើយ តែខំចេញតែផ្សែង។ តែយ៉ាងណា ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យជ្រើសរើសមន្ត្រីមានជំនាញ យកមកបំប៉នបណ្ដុះបណ្ដាលបន្ថែម ដើម្បីជួយដល់ការអភិវឌ្ឍប្រទេស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ