នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅ ទស្សនកិច្ច នៅឥណ្ឌូនេស៊ី ប្រទេសចិន និងចូលរួម កិច្ចប្រជុំអង្គការ សហប្រជាជាតិ នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខ
(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា ឯកឧត្តម នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី និងប្រទេសចិន ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តម មិនជំទាស់នឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តម ក្នុងអំឡុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះទេ ប៉ុន្តែក្រុមប្រឆាំងទាំងនោះ ក៏ត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រ ហើយធ្វើយ៉ាងណា កុំឱ្យមានជម្លោះរវាងខ្មែរ និងខ្មែរ នៅលើទឹកដីអាមេរិក ។

ឯកឧត្តមបណ្ឌិត បានបន្តថា សូមកុំធ្វើអ្វីដែលនាំឱ្យមានជម្លោះរវាងបងប្អូនអ្នកគាំទ្រ និងអ្នកប្រឆាំង ល្មមដល់ពេលហើយ យើងជជែកគ្នា ខុសគ្នាតែគោលនយោបាយ តែកុំទៅឈ្លោះគ្នា កុំទៅវ៉ៃគ្នានៅអាមេរិក។ ឯកឧត្តម ថា បងប្អូនបាតុកម្មចុះ តែសូមគោរពសិទ្ធិពលរដ្ឋ ដែលមកពីប្រទេសផ្សេងៗ ដែលទៅទទួលស្វាគមន៍ឯកឧត្តម។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា គោលដៅបាតុកម្មនោះ គឺបរាជ័យបាត់ទៅហើយ ដោយសារតែទាមទារឱ្យ UN កុំទទួលស្គាល់ឯកឧត្តមជានាយករដ្ឋមន្រ្តី។ ឯកឧត្តម រំលឹកថា ក្នុងកម្មវិធី គេបានអញ្ជើញ និងដាក់ឈ្មោះឯកឧត្តមឱ្យឡើងថ្លែងសុន្ទរកថា នៅថ្ងៃទី២២ ខែកញ្ញាទៀតផង ហើយបន្ថែមពីនោះ ឯកឧត្តម ក៏មានគម្រោងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិថែមទៀតផង ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ