អ្នកប្រដាល់កណ្តាប់ដៃប៉េតុង ធន់ រិទ្ធី អះអាងថា ជួបជើងខ្លាំងថៃ សាមី រំពឹងឈ្នះ ១០០%ស្តាកេរ្តិ៍ឈ្នះមកវិញ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ ធន់ រិទ្ធី ដែលអ្នកគាំទ្រដាក់រហ័សនាមឲ្យថា កណ្តាប់ដៃប៉េតុង នឹងត្រូវជួបសងសឹក កីឡាករជើងខ្លាំងថៃ សាមី បានឆាម៉េត នៅសង្វៀនទូរទស្សន៍ក្នុងស្រុកមួយ នាថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងប្រាប់ទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់ កីឡាករ ធន់ រិទ្ធី បានថ្លែងបញ្ជាក់ថា ជំនួបសងសឹកប៉ះសាមី បានឆាម៉េត នៅថ្ងៃទី៣ ខែ កញ្ញា សប្តាហ៍ក្រោយនេះ រូបគេបានត្រៀមខ្លួនបានយ៉ាងល្អ ដោយខិតខំហ្វឹកហាត់ពង្រឹងរាល់ចំណុចខ្វះខាត់ ដែលធ្លាប់រងបរាជ័យចាញ់ កីឡាករសាមី បានឆាម៉េតកន្លងមក។

ធន់ រិទ្ធី អះអាងថា ជំនួបលើកទី២ ជាជំនួបសងសឹកនេះ រូបគេមានក្តីរំពឹងឈ្នះ១០០% ដ្បិតការហ្វឹកទៅលើកម្លាំងនិងបច្ចេកទេសគឺត្រៀមខ្លួនបានយ៉ាងល្អ ខុសពីជំនួបទី១។

ដោយឡែក លោក ធន់ សុភា ដែលជាគ្រូបង្វឹក បានគូសបញ្ជាក់ដែរថា សម្រាប់ជំនួបសងសឹកជាមួយកីឡាករថៃ សាមី បានឆាម៉េត នៅថ្ងៃទី៣ ខែ កញ្ញា ខាងមុខនេះ កីឡាករ ធន់ រិទ្ធី ត្រូវបានលោកជាគ្រូបង្វឹក ត្រៀមខ្លួនបានយ៉ាងល្អ ក្នុងនោះ ចំណុចដែលជាភាពទន់ជ្រាយរបស់ ធន់ រិទ្ធី ដូចជាកម្លាំង ជើងក្រោម ក្បាល់ពោះជាដើមនោះ ត្រូវបានពង្រឹងឲ្យរឹងមាំល្អជាងមុន និងបានពង្រឹងអាវុធឲ្យចេញកាន់តែរហ័សក្នុងការវាយគូប្រកួតផងដែរ។ ពាក់ព័ន្ធជំនួបសងសឹកនេះ លោក ធន់ សុភា ជាគ្រូបង្វឹក ក៏បានបង្ហាញនូវក្តីសង្ឈឹមខ្ពស់ថា កូនសិស្សលោកមានភាគរយៈយកឈ្នះកីឡាករ ថៃ សាមី បាងឆាម៉េតរហូត៨០%។

គ្រូបង្វឹក និងជាអតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំងលំដាប់ប្រទេសរូបនេះ បានបន្ថែមទៀតថា ប្រសិនបើកូនសិស្សរបស់លោក កីឡាករ ធន់ រិទ្ធី វាយឈ្នះកីឡាករ សាមី បានឆាម៉េត ក្នុងជំនួបសងសឹកនេះបាន កីឡាករថៃ ដែលគោលដៅបន្ទាប់ លោកចង់ឲ្យធន់ រិទ្ធី ប៉ះកីឡាករ សៃ យុគ ដើម្បីសងសឹក ។

សូមរំលឹកថា ជំនួបលើកទី១ រវាងកីឡាករទាំងពីរ កាលពីកន្លងទៅ គឺ កីឡាករ ធន់ រិទ្ធី បានចាញ់ដោយក្បាច់ទាត់បំបែកកង់ពីសំណាក់ កីឡាករថៃ សាមី បានឆាម៉េត ត្រឹមទឹកទី១ លទ្ធផលនេះ ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃប៉េតុងចាញ់ដោយមិនអស់ចិត្ត ទើបធ្វើឲ្យគេចិញ្ចឹមចិត្ត បង្កើនការហ្វឹកហាត់ជាខ្លាំង ដើម្បីសងសឹក ស្តាមុខមាត់មកវិញ ៕

រូបភាព ងីម ដៃហួត អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner