អ.ស.ប៖ មនុស្សយ៉ាងតិច ១៨៣នាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នាក្នុងក្រុង Amhara ប្រទេសអេត្យូ

អ.ស.ប៖ អង្គការសហប្រជាជាតិ (អ.ស.ប) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៨៣នាក់ត្រូវបានសម្លាប់ ចាប់តាំងពីខែកក្កដា ក្នុងការប៉ះទង្គិចគ្នា នៅតំបន់ Amhara នៃប្រទេសអេត្យូពី។

ភាពតានតឹងនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអេត្យូពីបានកើនឡើង នៅឆ្នាំនេះ បន្ទាប់ពីបញ្ចប់សង្គ្រាមបំផ្លិចបំផ្លាញនៅក្នុងតំបន់ជិតខាងនឹងក្រុង Amhara គឺតំបន់ Tigray ដែលបានរាលដាលឲ្យមានការប្រយុទ្ធគ្នានៅក្រុង Amhara បន្ថែមទៀត។

លោកស្រី Marta Hurtado អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់មួយចំនួន នៃប្រទេសអេត្យូពី»

លោកស្រី បន្តថា «នៅក្នុងតំបន់ Amhara បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងការប៉ះទង្គិចគ្នារវាងយោធាអេត្យូពី និងកងជីវពល Fano ក្នុងតំបន់ និងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃទី៤ ខែសីហា ស្ថានភាពកាន់តែអាក្រក់ទៅៗ»។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស អ.ស.ប បានបន្ថែមទៀតថា «យ៉ាងហោចណាស់មនុស្ស ១៨៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ចាប់តាំងពីខែកក្កដាមក នេះបើយោងតាមព័ត៌មានដែលប្រមូលបានដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ»។

ជាមួយនឹងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ៦ខែ លោកស្រី Hurtado បាននិយាយថា ការណ៍នេះបានផ្តល់ឱ្យអាជ្ញាធរនូវអំណាចទូលំទូលាយក្នុងការចាប់ខ្លួនជនសង្ស័យដោយគ្មានដីការបស់តុលាការ ដាក់បម្រាមគោចរ និងហាមឃាត់ការជួបជុំជាសាធារណៈ។

លោកស្រីបាននិយាយទៀតថា «យើងបានទទួលរបាយការណ៍ថា មនុស្សជាង ១០០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសអេត្យូពី ក្រោមច្បាប់នេះ។ ភាគច្រើននៃអ្នកដែលត្រូវបានឃុំខ្លួនត្រូវបានគេរាយការណ៍ថា ជាយុវជននៃដើមកំណើតជនជាតិ Amhara ដែលសង្ស័យថាជាអ្នកគាំទ្រ Fano » ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner