អ្នករុករករ៉ែមាស ៥នាក់ បានស្លាប់ ក្នុងហេតុការណ៍បាក់ដីនៅប្រទេសបូលីវី
ឡាប៉ាស៖ អ្នកជីករ៉ែ យ៉ាងតិចចំនួនប្រាំនាក់បានស្លាប់ ដោយសារតែការរអិលបាក់ដី នៅក្នុងទីក្រុង Mapiri ភាគពាយព្យនៃប្រទេសបូលីវី នេះបើយោងតាមមេដឹកនាំក្នុងតំបន់ ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
បញ្ជាកការដឹកនាំការរុករក លោក Ubaldo Torrez បានប្រាប់ AFP ថា «យើងបានរកឃើញសាកសព ប្រាំនាក់ និងម្នាក់នៅរស់រានមានជីវិត» ដោយលោកបន្ថែមទៀតថា ការរកឃើញអ្នករស់រានមានជីវិតនេះ គឺជាសញ្ញាដែលត្រូវរុករកបន្តទៀត។
នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Eduardo Del Castillo បាននិយាយថា ការងារជួយសង្គ្រោះនឹងបន្ត ក្នុងការស្វែងរកសាកសពបន្ថែមទៀតដែលលោកជឿជាក់ថា អាច “កប់” ក្នុងដី។
លោករដ្ឋមន្ត្រីមិនបញ្ជាក់ពីតួលេខអ្នករបួសទេ ដោយគ្រាន់តែអះអាងថា «មានអ្នករបួសធ្ងន់ធ្ងរ»។
អ្នករុករករ៉ែគឺជាសមាជិក នៃក្រុមហ៊ុនឯកជន March 19th ដែលមានអាជ្ញាប័ណ្ណរុករករ៉ែមាស នៅក្នុងតំបន់ នេះបើយោងទៅតាមអាជ្ញាធរ។ គួរបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើង កាលពីរសៀលថ្ងៃអាទិត្យ ចុងសប្តាហ៍ នៅក្នុងតំបន់មួយ នៃរដ្ឋធានី La Paz (ឡាប៉ាស) ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត