អគ្គលេខាធិការអាស៊ាន អបអរសាទរ ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ
(ភ្នំពេញ)៖ អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្ញើសារអបអរសាទរជូនឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសារលិខិតអបអរសាទរដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែសីហា ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរដល់ឯកឧត្តមដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សភាជាតិនីតិកាលទី៧»។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន មានជំនឿចិត្តយ៉ាងមុតមាំថានៅក្រោមការដឹកនាំរបស់ឯកឧត្តម ជាមួយបទពិសោធន៍យ៉ាងសម្បូរបែប និងយូរឆ្នាំ នៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាអាចនឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់អាទិភាពរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា នៅក្រោមកិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន (ALMM) និងយន្ដការពាក់ព័ន្ធ ទាំងឡាយ។
ឯកឧត្តមបណ្ឌិត គូសបញ្ជាក់៖ “ខ្ញុំជឿជាក់ថាសមត្ថភាពពោរពេញដោយចំណេះដឹងរបស់ឯកឧត្តមនៅក្នុងការគាំទ្រដល់កម្មវត្ថុរួមរបស់យើងនឹងប្រាកដជាពង្រឹងការឯកភាព និងសាមគ្គីភាព របស់យើង”។
ក្នុងលិខិតដដែលនេះ អគ្គលេខាធិការដ្ឋានអាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពង្រឹង និងលើកកម្ពស់កំណើន បរិយាបន្ន ការអភិវឌ្ឍធនធានមនុស្ស ពង្រឹងលក្ខខណ្ឌការងារស្ដង់ដារ និងគាំពារពលករចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា និងក្នុងសហគមន៍អាស៊ានទាំងមូល ហើយថា រង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់អាស៊ាន៕
ដោយ៖ម៉ាដេប៉ូ