អ្នកនាង ផែថោងថាន ៖ សំណើសុំលើកលែងទោសពីព្រះមហាក្សត្រថៃ អាស្រ័យលើលោក ថាក់ស៊ីន
បាងកក៖ អ្នកនាង ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានលើកឡើងថា ការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រថៃ ចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាឪពុករបស់អ្នកស្រី គឺអាស្រ័យលើលោក ថាក់ស៊ីន ផ្ទាល់។
អ្នកនាង ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កូនស្រីពៅអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃអង្គារ សប្តាហ៍នេះ បាននិយាយថា អ្នកនាងមិនទាន់បានឃើញ ឯកសារណាមួយពាក់ព័ន្ធ សំណើសុំការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រថៃ សម្រាប់ឪពុករបស់ខ្លួននៅឡើយទេ ហើយអ្នកនាងបានបន្ថែមថា ដំណើរការបែបនោះត្រូវប្រើពេលវេលាយូរ ហើយវាក៏អាស្រ័យតែទៅលើឪពុកអ្នកនាងផងដែរ។
អ្នកនាង ផែថោងថាន ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំរដ្ឋាភិបាលថ្មីនៃប្រទេសថៃ មិនបាននិយាយទទួលស្គាល់ចំៗឡើយថា នឹងមានការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រថៃ សម្រាប់ឪពុករបស់អ្នកនាង ដែលទើបតែត្រឡប់ចូលស្រុកវិញកាលពីសប្តាហ៍មុន ក្រោយការរស់នៅដោយនិរទេសខ្លួន ចាប់តាំងតែពីឆ្នាំ២០០៨មក។
គួរបញ្ជាក់ថា ភ្លាមៗក្រោយពេលមកប្រទេសថៃវិញ លោក ថាក់ស៊ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងការរំលោភអំណាច និងទំនាស់ផលប្រយោជន៍ អំលុងពេលលោកកាន់តំណែង ជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។
លោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ព្យាបាលជំងឺ ក្រោយចូលប្រទេសវិញ។ អ្នកនាង ផែថោងថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកនាងបារម្ភអំពីស្ថានភាពបេះដូង របស់លោក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត