រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសថា ការបង្កើត អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា នៃនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យតែងតាំងមុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ រួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស, ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ, ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍, ឯកឧត្តម សួស ប្រាថ្នា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, ឯកឧត្តម ឈន សាណាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាពិសេសគ្រប់កាលៈទេសៈ ការលំបាក និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋនាពេលកន្លងមក ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង នាអាណត្តិទី៦ កន្លងទៅបានដឹកនាំកសាងស្ថាប័នក្រសួងមហាផ្ទៃ និងពង្រឹង បណ្ដុះបណ្ដាលមន្ដ្រីប្រកបដោយជំនាញវីជ្ជាជីវៈប្រកបដោយសីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការបម្រើសេវាសាធារណៈ និងការចូលរួមថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមទាំងមូលគ្រប់កាលៈទេសៈ សំដៅរួមបង្កបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner