កីឡាករ កីឡាការិនីបញ្ញាខ្សោយ ចូលរួមប្រកួតកីឡា និងត្រួតពិនិត្យសុខភាពដើម្បីលើកកម្ពស់ជនមានពិការភាព ក្នុងសង្គម
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថា្នក់រាជធានី-ខេត្ត និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករកីឡាការិនី ដែលបានប្រារព្ធធ្វើឡើង នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តលើកកម្ពស់កីឡាករ កីឡាការិនីមានពិការភាព ក្នុងសង្គមជាតិកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម លោក លោកស្រី មាតាបិតា អាណាព្យាបាល ព្រមទាំងក្មួយៗកីឡាករ កីឡាការិនី (ខ្សោយបញ្ញា) ក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មលើគ្រប់វិស័យជាពិសេសវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។
ឯកឧត្តម សែម សុខា បន្តថា កន្លងមកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្ត្រីជំនាញធ្វើការហ្វឹកហាត់ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គម។ ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាព និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។
ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាងច្រើន គឺ សំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាព ជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញឲ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម។
លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំបានបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនីបញ្ញាខ្សោយត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនីខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្តបានជួបជុំគ្នាប្រកួតប្រជែង ដើម្បីចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកំពស់ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។ ចំពោះការប្រកួតមានកីឡាអត្តពលកម្ម ៥០ម៉ែត្រ និង១០០ម៉ែត្រ បុរស-នារី, កីឡាបាល់ទាត់យូនីហ្វាយ បុរស និងនារី ៥នាក់ម្ខាង, កីឡាប៊ូលយូនីហ្វាយ ២នាក់ទល់២នាក់ និង ៣នាក់ទល់៣នាក់ ។ ក្រោយការប្រកួត គណៈកម្មការបានរកឃើញជ័យលាភីលើវិញ្ញាសាទាំងនេះផងដែរ៕
ចាន់ វិចិត្រ