៧ខែរកចំណូលពីកៅស៊ូបានជិត២៣០លាន (Video Inside)
កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នារយៈពេល៧ខែឆ្នាំនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន២២៨លាន ៥០ម៉ឺន ២៣ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១លាន ១ម៉ឺន ៦ពាន់ ៦៣៩ដុល្លារ»។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ពាន់ ៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង១តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។
កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០ម៉ឺន ៤ពាន់ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួន ៣១ម៉ឺន៥ពាន់៣៣២ហិកតា។ ក្នុងឆ្នាំ២០២២កន្លងទៅ, កម្ពុជារកចំណូលបានពីដំណាំកៅស៊ូមានចំនួនជាង ៥៣១លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៥២៧លាន ៧៧ម៉ឺន ៤ពាន់ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤លាន ៨ម៉ឺន ៩ពាន់ ២៧៣ដុល្លារ៕