២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥ករណី (Video Inside)
មានប្រទេសតែ ២ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួនតែ ៤៥ករណី ដែលជាតួលេខឆ្លងថយចុះចំនួន ៣៩ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ២ នៅអាស៊ាន រួមមានប្រទេសវៀតណាម, និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាមមានការឆ្លងចំនួន ៣៩ករណី ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៦នាក់។ ប្រទេសចំនួន ៨ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងប្រទេសអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៨ពាន់ ២១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៩៤លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕