លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ចូលរួមអបអរសាទរ ខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិលើកទី៧៨ (០២កញ្ញា១៩៥៤-០២កញ្ញា២០២៣)នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម (NGUYEN HUY TANG ) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងភូមិផងរបងជាមួយ ដែលមានចំណង សាមគ្គីភាព មិត្តភាព ផ្សារភ្ជាប់នឹងគ្នា តាំងពីយូរយារណាស់មកហើយ ដោយបាន ប្រកៀកស្មាគ្នាក្នុងការពុះពារលើរាល់ការលំបាករាប់មិនអស់ ដើម្បីដណ្ដើមនូវឯករាជ្យជ ជាតិ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។
ទំនាក់ទំនងទាំងនេះ ត្រូវបាន កសាងឡើង ដោយកម្លាំងបញ្ញា សាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំ វីរបុរស វីរនារី យុទ្ធជនពលី និងកុលបុត្រកុលធីតាដ៏ឆ្នើមជាច្រើនជំនាន់ នៃប្រជាជាតិទាំងពីរ។ បច្ចុប្បន្ននេះ ទោះបីជាសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើន ក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរ តែងតែរក្សាបានជានិច្ច នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ដោយសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់ សម្គាល់លើគ្រប់វិស័យ ជាមួយនឹងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ ប្រទេសទាំងពីរ ដែលពោពេញទៅដោយព្រឹត្តិការណ៍ដ៏សំខាន់ៗ។
សាធារណរដ្ឋសង្គមនិយមវៀតណាមសូមចូលរួមអបអរសាទរចំពោះសមិទ្ធផល ដ៏ធំធេង ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានលើគ្រប់វិស័យទាំងអស់ ធ្វើឲ្យ ប្រទេសកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ដ៏ខ្លាំងក្លា ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលជាច្រើនឥតគណនាដែលបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានក្នុងរយៈពេល៧៨ឆ្នាំ កន្លងមកនេះគួរជាទីមោទនៈ និងគួរឱ្យស្ញប់ស្ញែងយ៉ាងក្រៃលែង ដែលបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សកម្មុយនីស្តវៀតណាម នឹងបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព ស្ថិរភាពរឹងមាំរៀងរហូតទៅ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជួបប្រាស្រ័យសន្ទនាជាមួយបណ្តាឯកអគ្គរាជទូត-រដ្ឋទូត និងបណ្តាអង្គការដៃគូអន្តរជាតិ ជាច្រើន ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឱ្យកាន់តែរឹងមាំថែមទៀត៕
ដោយ ៖ ហេង សម្បត្តិ