មេដឹកនាំរដ្ឋប្រហារ៖ ប្រធានាធិបតីហ្គាបុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ
លីប្រីវីល៖ ប្រធានាធិបតីប្រទេសហ្គាបុង លោក Ali Bongo Ondimba កំពុងត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ហើយកូនប្រុសរបស់លោកម្នាក់ ត្រូវបានចាប់ខ្លួនពីបទ “ក្បត់ជាតិ” នេះបើតាមមន្ត្រីយោធានិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះ ពោលគឺនៅប៉ុន្មានម៉ោង បន្ទាប់ពីមានការប្រកាសថា ពួកគេបានផ្តួលរំលំរដ្ឋាភិបាល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ មន្ត្រីយោធាប្រកាសថាប្រធានាធិបតីហ្គាបុងលោក Ali Bongo Ondimba ត្រូវបានឃុំខ្លួនក្នុងផ្ទះ។ ពួកគេក៏បានបន្ថែមថា សហការីជិតស្និទ្ធជាច្រើននាក់របស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញ រួមទាំងកូនប្រុសរបស់លោកប្រធានាធិបតី គឺលោក Noureddin Bongo Valentin ក៏ “ត្រូវបានចាប់ខ្លួន” ដោយចោទប្រកាន់ពួកគេពីបទក្បត់ជាតិ ការកេងបន្លំ និងអំពើពុករលួយក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត។
កាលពីព្រឹលថ្ងៃពុធ ទី៣០ ខែសីហា មន្ត្រីយោធាបាននិយាយថា ពួកគេបានផ្តួលរំលំលោកប្រធានាធិបតី Ali Bongo ដែលកាន់អំណាចអស់រយៈពេល ១៤ ឆ្នាំ ប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រូវបានប្រកាសថា ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃសៅរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ពួកគេបាននិយាយថា លទ្ធផលបោះឆ្នោតត្រូវបានលុបចោល ហើយ “ស្ថាប័នទាំងអស់នៃសាធារណរដ្ឋ” ត្រូវបានរំលាយ។
មេដឹកនាំនៃរដ្ឋប្រហារបានតែងតាំងប្រធានសន្តិសុខជាតិ លោកឧត្តមសេនីយ៍ Brice Oligui Nguema ជាប្រធានអន្តរកាល ដែលពួកគេហៅថា «ប្រធានគណៈកម្មាធិការសម្រាប់ការផ្លាស់ប្តូរ និងការស្ដារឡើងវិញនៃស្ថាប័ន»។
វីដេអូមួយពីប្រភពអនាមិកបង្ហាញរូបភាពប្រធានាធិបតី Ali Bongo Ondimba បានអំពាវនាវឱ្យ «មិត្តភ័ក្តិទូទាំងពិភពលោក ធ្វើឱ្យមានសកម្មភាពអន្តរជាតិ» ខណៈពេលដែលលោកស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះបន្ទាប់ពីរដ្ឋប្រហារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត