រដ្ឋសភាសម្រេចសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ចំនួន២៩រូប ជំនួសតំណាងរាស្រ្តដែលបានលាលែង និងបានបោះឆ្នោតជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូប

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ដិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ បន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយមានវត្តមានដ៏ឧត្តុង្គឧត្តមនៃសមាជិកសមាជិការដ្ឋសភាចំនួន៨៧រូបចូលរួម។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ។ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង និងបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា ដែលបានទទួលមរណភាព៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner