សមាជិកសភាអាមេរិកគាំងនិយាយមិនកើត ពេលកំពុងថ្លែងក្នុងសន្និសីទកាសែត

វ៉ាស៊ីងតោន ឌីស៊ី៖ លោក Mitch McConnell សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកស្រាប់តែរឹងខ្លួន គាំងនិយាយមិនចេញ ក្នុងពេលថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ សប្តាហ៍នេះ។

ជាការកត់សម្គាល់ នេះគឺជាលើកទីពីរ ក្នុងប៉ុន្មានសប្តាហ៍មកនេះ ដែលសមាជិកសភាដ៏មានឥទ្ធិពលមកពីគណបក្សសាធារណរដ្ឋ វ័យ៨១ឆ្នាំ រូបនេះ ស្រាប់តែគាំងនិយាយមិនរួច នៅឯព្រឹត្តិការណ៍សាធារណៈបែបនេះ។

លោក McConnell ពេលកំពុងឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Kentucky ដែលជាស្រុកកំណើតរបស់លោក ស្រាប់តែលោកនៅស្ងៀមប្រហែល ៣០ វិនាទី ទោះបីជាត្រូវបានជំរុញដោយជំនួយការក៏ដោយ។

«តើអ្នកបានលឺសំណួរទេ លោកសមាជិកព្រឹទ្ធសភា?» នេះជាអ្វីដែលជំនួយការបានសួរ បន្ទាប់ពីការផ្អាកការនិយាយគួរឲ្យចម្លែក ហើយនៅពេលដែល លោក McConnell នៅតែបន្តមិនឆ្លើយតប អ្នកស្រីក៏បានប្រាប់អង្គសន្និសីទសារព័ត៌មានថា «ខ្ញុំសុំទោសអ្នកទាំងអស់គ្នា។ យើងនឹងត្រូវការពេលបន្តិចទៀត»។

អ្នកនាំពាក្យរបស់លោក McConnell បាននិយាយនៅពេលក្រោយថា «លោក McConnell មានអារម្មណ៍ថា ឈឺក្បាលមួយភ្លែត ហើយបានផ្អាកក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់លោក នៅថ្ងៃនេះ»។

លោកប្រធានាធិបតី Joe Biden បានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា លោកនឹងទាក់ទងជាមួយ McConnell ។ លោកបានមានប្រសាសន៍ថា «យើងមានការខ្វែងគំនិតគ្នាខាងនយោបាយ ប៉ុន្តែគាត់ជាមិត្តល្អ»។

វាគឺជាការភ័យខ្លាចសុខភាពលើកទីពីរ របស់សមាជិកព្រឹទ្ធសភា ចាប់តាំងពីខែកក្កដា ដោយកាលពីលើកទី១ កន្លងទៅ លោកបានជាប់គាំងពាក់កណ្តាលប្រយោគ ក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងសភា ហើយឈរដោយចលនានៅមុខមីក្រូហ្វូន ប្រហែល ២០ វិនាទី មុនពេលជំនួយការ និងសមាជិកព្រឹទ្ធសភាផ្សេងទៀតបាននាំលោកចេញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner