អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដើម្បីសិក្សាដោះស្រាយ បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធរ រាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអង្វែងឆ្នាំ ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល កាលពីសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បី រៀបចំផែនការបន្ត លើការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង អោយបានយូរអង្វែង ។
ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ ទៅ ២០ឆ្នាំ ។ ពាក់ព័ន្ធនិងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឱ្យបានល្អ ជៀសវាងឱ្យបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាស នោះវានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទាឱ្យយើងត្រូវរួមគ្នាដោះស្រាយឱ្យបានល្អ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង ៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះយើងបាន ដោះស្រាយបញ្ហាលិចលង់នេះបាន៣២កន្លែងរួចហើយ ហើយនៅពេលថ្មីនេះទៀត យើងដោះស្រាយបាន ៧កន្លែងថ្មីទៀតផងដែរ ៕
ដោយ ៖ ថេត វិចិត្រ+ហេង សម្បត្តិ


