ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាបើកដំណើរឆ្លងកាត់រយៈពេល១១ថ្ងៃទៀត (Video Inside)

ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅមុនព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល១១ថ្ងៃទៅមុខទៀតនេះ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ នៅក្នុងបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា «ពិធីប្រារព្ធតភ្ជាប់ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៣ ខណៈការសាងសង់ស្ពានទាំងមូល បានសម្រេចប្រមាណ៩២ភាគរយហើយ។

យោងតាមផែនការ, ស្ពានខ្សែកាបនេះឆ្លងកាត់ដៃទន្លេនេះ គ្រោងនឹងបញ្ចប់ការសាងសង់ នាពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែនិងដាក់ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បានសិន នៅមុនព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។

ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកោះនរាប្រវែង៨២៤ម៉ែត្រ នឹងក្លាយជាស្ពានដ៏សំខាន់មួយ ក្នុងការជួយបញ្ចៀសការកកស្ទះចរាចរណ៍ដល់ពលរដ្ឋដែលតែងធ្វើដំណើរចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ។ ស្ពាននេះមានប្រវែងទទឹង ២៤ម៉ែត្រកន្លះ ហើយមាន៤គន្លង គឺ ២គន្លង សម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។

ស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាតម្លៃ៣៨លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា OCIC ក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញ។

ads banner