ឥណ្ឌាជួយកម្ពុជាដោះគ្រាប់មីនក្នុងស្រុកចំនួនបួន ក្នុងខេត្តកោះកុង (Video Inside)

អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា លើគម្រោងបោសសម្អាតមីននៅស្រុកចំនួន ០៤ ក្នុងខេត្តកោះកុង ដែលនឹងប្រើប្រាស់ថវិកាសរុបចំនួន ៤២ម៉ឺន ៦ពាន់ ៧០៩ដុល្លារអាមេរិក។

កម្ពុជាបានដាក់ចេញគម្រោងបោសសំអាតមីនឱ្យអស់ពីក្នុងប្រទេសនាឆ្នាំ២០២៥។ ខណៈដែលខេត្តមួយចំនួនត្រូវបានប្រកាសជាបន្តបន្ទាប់ជាខេត្តអស់គ្រាប់មីន ប៉ុន្តែខេត្តកោះកុងនៅមិនទាន់ក្លាយជាខេត្តអស់គ្រាប់មីននៅឡើយទេ។

នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង, អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ និងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេវីយ៉ានី ខូប្រាហ្គាឌី បានចុះហត្ថលេខាលើអនុស្សារណៈ MoU លើ “គម្រោងភូមិអស់មីននៅខេត្តកោះកុង” ដែលនឹងទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន។

ឥណ្ឌាក្នុងគម្រោងជួយបោសសំអាតមីន បានជួយកិច្ចការទាំងនេះនៅក្នុងស្រុកបុទុមសាគរ, ស្រុកស្រែអំបិល, ស្រុកថ្មបាំង និងស្រុកកោះកុង សរុបលើទំហំផ្ទៃដី ១លាន ៩៧ម៉ឺន ២ពាន់ ៩១ម៉ែត្រក្រឡា ដែលស្មើនឹង ៣៣ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុបជាង៤២ម៉ឺនដុល្លារ។ គម្រោងនេះ នឹងជួយឱ្យស្រុកទាំង៤ ដែលមានពលរដ្ឋ៨ម៉ឺន ៦ពាន់ ៣៦៧នាក់ ជា តំបន់ដែលគ្មានគ្រាប់មីន។

ads banner