រដ្ឋបាលរាជធានីរកវិធីទប់ស្កាត់បញ្ចៀសជំនន់ទឹកភ្លៀងនៅភ្នំពេញ (Video Inside)

មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថា ភ្នំពេញបើទោះបីជាបានដាក់លូមានប្រវែងជាង ៩២៤គីឡូម៉ែត្រក៏ដោយ, ចំណោទនៃការលិចទឹកនៅតែបន្ត។ នារសៀលថ្ងៃទី៣០សីហា, មន្ត្រីជំនាញ ក្នុងខណ្ឌទាំង១៤ បានជួបប្រជុំគ្នា ក្រោមអធិបតីភាពអភិបាលរាជធានី លោក ឃួង ស្រេង ដើម្បីរៀបចំផែនការដោះស្រាយលើវិធីត្រូវរៀបចំធ្វើយ៉ាងណាទៀត ដើម្បីបញ្ចៀសការលិចដោយជំនន់ទឹកភ្លៀង។

លោក ឃួង ស្រេង បានជម្រុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយបញ្ចៀសការលិចលង់នេះ ឱ្យបានពីពី១៥ ទៅ ២០ឆ្នាំ។ ក្នុងកិច្ចប្រជុំនោះ, ក្រុមជំនាញបានពិនិត្យលើបញ្ហាលិចលង់ នៅដែនសន្តរស្ទឹងព្រែកត្នោតផងដែរ ដោយសារតែការលិចពីទំនប់ព្រែកត្នោតនោះ តែងបង្កឱ្យមានការលិចរោងចក្រសហគ្រាស និងភូមិករអ្នកស្រុក ដែលបង្ករការខាតបង់ធ្ងន់ធ្ងរ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងថា សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង គេបានស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ និងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ លោកបានថ្លែងថា គេបានដោះស្រាយបញ្ហាលិចលង់នេះបានចំនួន៣២កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀត ក៏ទើបបានដោះស្រាយបាន៧កន្លែងថ្មីដទៃទៀតផងដែរ៕

ads banner