សិក្ខាសាលាបរិស្ថានរកវិធីទប់ទល់ការបំពុលផ្លាស្ទីក (Video Inside)
ក្រសួងបរិស្ថានបានថ្លែងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃការបំពុលដោយប្លាស្ទិក និងសំរាមសមុទ្រ បានបង្កើតជាបញ្ហាបរិស្ថានយ៉ាងធ្ងន់ធ្ងរទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ភាវ សុវុទ្ឋី បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ក្នុងពិធី «បើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំដែនការ សកម្មភាពជាតិ សម្រាប់កាត់បន្ថយសម្រាមសមុទ្រនៅកម្ពុជា»។
ក្នុងសិក្ខាសាលានោះ បណ្ឌិតយ៉ាស៊ូហ៊ីកូ ហត់តា ដែលជាប្រធានគម្រោង JAIF និង IGES បានអញ្ជើញចូលរួមផងដែរ។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានថ្លែងបន្តថា បញ្ហាបរិស្ថាន ដោយការបំពុលផ្លាស្ទីកនោះ បាន «បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ទាំងការខូចខាតខឿនសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងសមុទ្រជាងរៀងរាល់ឆ្នាំ ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់សហគមន៍នៅតាមឆ្នេរសមុទ្ររបស់កម្ពុជា» ថែមទៀត។
សិក្ខាសាលាបានផ្តោតលើការងារអាទិភាពនានាចាំបាច់ត្រូវបំពេញចំពោះមុខ ក្នុងនោះរួមមាន ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបទរបស់អ្នកផលិតសំរាម, ការបែងចែកសំរាម និងការបង្កើនសកម្មភាព ក្នុងការរៀបចំសាលាមេត្រីភាពបរិស្ថាន, អារាមមេត្រីភាព មណ្ឌលសុខភាពមេត្រីភាពបរិស្ថាន និងភូមិឃុំមានសុវត្ថិភាព ដោយគិតគូរការងារបរិស្ថាន និងអនាម័យ។
សិក្ខាសាលានេះនឹងមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំដោយនាយកដ្ឋាន សេដ្ឋកិច្ចបៃតងសហការរាជរដ្ឋាភិបាលជប៉ុន និងដៃគួរអនុវត្តគម្រោង។