ព្រះរាជក្រឹត្យបង្កើតការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (Video Inside)
ច្បាប់នៃការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានដាក់ចេញតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ «ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស…»។
ព្រះរាជក្រឹត្យឡាយព្រះហស្ថដោយព្រះមហាក្សត្របានចេញផ្សាយនៅថ្ងៃទី២៦សីហា ប៉ុន្តែទើបបានទទួលដោយបណ្តាញសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។ មាត្រាមួយ នៃជំពួកបទបញ្ញត្តិទូទៅ មានសរសេរថា គោលបំណង នៃការរៀបចំ និងការប្រព្រឹត្ត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺ «ដើម្បីប្រមូលធាតុចូល នៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ»។
យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាយន្តការដែលមានការចូលរួមពី គណបក្សនយោបាយទាំងឡាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
នាយករដ្ឋមន្ត្រីថ្មីបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនាថ្ងៃទី២៤សីហា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងបញ្ជាក់ថា «រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូល ដែលមានលក្ខណៈជាទស្សនៈពហុគំនិត ពីបណ្តាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ការស្ថាបនាជាតិ»។
មាត្រា១៩ នៃអនុក្រឹត្យ បានសរសេរថាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, សមាសភាព នៃលេខាធិការដ្ឋាន និងជំនួយការរបស់ប្រធានប្រតិភូគណបក្សនយោបាយ ទទួលបានប្រាក់បំណាច់មុខងារ និងរបបឧបត្ថម្ភផ្សេងៗទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។