គជបត្រៀមបើកដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ (Video Inside)

គ.ជ.ប បានរៀបចំកិច្ចប្រជុំប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣”។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែសីហា ក្រោមវត្តមានប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ។

ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់, មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ ក្នុងកិច្ចប្រជុំបានថ្លែងបញ្ជាក់ថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត។

ប្រធាន គ.ជ.ប ដដែលបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ មានរយៈពេល១៩ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ads banner