សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហាររូបករណ៍ ៧០កន្លែង រយៈពេល ១០ឆ្នាំ ក្នុងន័យអភិវឌ្ឍន៍គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នាទីក្រុងបាម៉ាកូ ប្រទេសម៉ាលី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អាហាររូបករណ៍សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សាចំនួន ៧០កន្លែង រយៈពេល ១០ឆ្នាំ ដោយសិក្សានៅគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នាទីក្រុងបាម៉ាកូ ។ នេះបើតាមសេចក្តីប្រកាសពត៌មាន ស្ដីពីលទ្ធផលនៃជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយលោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មី នៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និងសមិទ្ធផល ព្រមទាំងចក្ខុវិស័យ នៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។

នៅក្នុងជំនួប សម្តេចតេជោ បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អ របស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់ របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី។ សម្តេច បានផ្តល់ ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត ។

ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍន៍នៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០ កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សា ។

ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និង លោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់ នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់ សម្តេចតេជោ ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី ។

សូមបញ្ជាក់ថា គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិង កិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង – ត្បូង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner