អង់គ្លេសជាប្រទេសដំបូងគេលើពិភពលោក អនុម័តឱ្យប្រើថ្នាំព្យាបាលជំងឺមហារីកប្រើពេលត្រឹម ៧នាទី

ឡុងដ៍៖ សេវាសុខភាពជាតិដែលគ្រប់គ្រងដោយរដ្ឋរបស់ចក្រភពអង់គ្លេស នឹងក្លាយជាស្ថាប័នដំបូងគេក្នុងពិភពលោក ដែលផ្តល់ការចាក់ថ្នាំព្យាបាលជំងឺមហារីកដល់អ្នកជំងឺរាប់រយនាក់ ដែលនឹងអាចកាត់បន្ថយពេលវេលាព្យាបាលរហូតដល់បីភាគបួន។

ក្រោយមានការអនុម័តពីទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA), សេវាសុខភាពជាតិអង់គ្លេស NHS បាននិយាយថា អ្នកជំងឺរាប់រយនាក់ដែលមានសិទ្ធិទទួលការព្យាបាលដោយ atezolizumab ត្រូវបានកំណត់ឱ្យចាក់បញ្ចូលថ្នាំទៅក្រោមស្បែក ដែលនឹងអាចកាត់បន្ថយពេលវេលារហូតដល់ ៧៥ភាគរយឯណោះ។

ទន្ទឹមគ្នា លោកវេជ្ជបណ្ឌិត Alexander Martin ដែលជាអ្នកប្រឹក្សាផ្នែកជំងឺមហារីកនៅ West Suffolk NHS Foundation Trust បាននិយាយថា ការអនុម័តនេះ មិនត្រឹមតែអនុញ្ញាតឱ្យបុគ្គលិកពេទ្យផ្តល់ការថែទាំងាយស្រួល និងលឿនជាងមុនដល់អ្នកជំងឺរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយឱ្យក្រុមគ្រូពេទ្យរបស់យើង អាចព្យាបាលអ្នកជំងឺបានកាន់តែច្រើនក្នុងមួយថ្ងៃៗផងដែរ។

សេវាសុខភាពជាតិអង់គ្លេស NHS បាននិយាយថា បច្ចុប្បន្ននេះថ្នាំប្រភេទ immunotherapy ដែលមានឈ្មោះថា Atezolizumab ឬ Tencentriq មានតែនៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ជាធម្មតាត្រូវបានកំណត់ឱ្យចាក់បញ្ចូលថ្នាំទៅក្នុងសរសៃឈាមដោយផ្ទាល់របស់អ្នកជំងឺ ដែលអាចចំណាយពេលប្រហែល ៣០នាទី ឬរហូតដល់ ៦០នាទី។

ប៉ុន្តែឥឡូវនេះ អ្នកជំងឹមហារីកដែលទទួលការព្យាបាលថ្មី ដោយការចាក់បញ្ចូលទៅក្រោមស្បែក នឹងអាចកាត់បន្ថយពេលវេលារហូតដល់ ៧៥ភាគរយ។ ការព្យាបាលដោយ Atezolizumab ជួយឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ មានសមត្ថភាពក្នុងការស្វែងរក និងសម្លាប់កោសិកាមហារីក។ ទន្ទឹមគ្នា NHS បានរំពឹងថា ភាគច្រើននៃអ្នកជំងឺប្រហែល ៣,៦០០នាក់នឹងចាប់ផ្តើមទទួលយកការព្យាបាលដោយ atezolizumab ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូពីការចាក់ថ្នាំ ដើម្បីសន្សំពេលវេលា៕

ប្រភព៖ NDTV ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner