ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ហើយគ្រោងជួបពលរដ្ឋខ្មែរនៅអាម៉េរិក នាថ្ងៃទី២០ ខែកញ្ញា ខាងមុខ
(កណ្ដាល)៖ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ ហើយនៅពេលឯកឧត្តម ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ផងដែរ ។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខែ៩ ថ្ងៃទី២០ ខ្ញុំចេញទៅក្រៅប្រទេស ជួបជាមួយបងប្អូននៅទីនោះ រំពឹងជួបគ្នាហើយ ។ ខ្ញុំខានទៅអាមេរិកយូរហើយ ក៏មានបងប្អូនខ្លះ គេកំពុងប្រមូលគ្នាទៅស្រែកជេរ ឱ្យទៅចុះ! ខ្ញុំមិនថាអីទេ! ដូចខ្ញុំនិយាយអ៊ីចឹង កុំទៅធ្វើអីខុសច្បាប់ ប្រយ័ត្នអាម៉េរិកចាប់។

ឯកឧត្តម ក៏បានផ្ដាំទៅអ្នកដែលប្រមូលប្រជាពលរដ្ឋឱ្យធ្វើបាតុកម្មនោះ ត្រូវទទួលខុសត្រូវផង កុំមានបញ្ហាអ្វីរត់ចោល ប្រជាពលរដ្ឋ ព្រោះអ្នកដែលបបួលគេធ្វើបាតុកម្ម គឺមិនដែលមានមុខនៅក្នុងបាតុកម្មនោះទេ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បានបញ្ជាក់ថា ការធ្វើបាតុកម្ម ពុំមានអ្វីចំណេញនោះឡើយ យើងមិនបាច់តបតទេ ការបញ្ចេញមតិ ជារឿងរបស់គាត់ កុំឱ្យខ្មាស់គេ។ ខ្ញុំមិនចង់ឱ្យខ្មែរយើង មានជម្លោះនៅក្រៅប្រទេសនោះទេ វានាំឲ្យខ្មាស់គេ មិនមែនខ្មាស់តែខ្ញុំទេ គឺជាតិខ្មែរទាំងមូលខ្មាស់គេ ។ ជារួមមេដឹកនាំប្រឆាំងទៅណា ខ្ញុំមិនដែលផ្ដល់គោលការណ៍ ឲ្យបងប្អូនប្រជាពលរដ្ឋ ទៅធ្វើបាតុកម្មនោះទេ ។ ចំណែកគេ ប្រមូលផ្ដុំគ្នាមកធ្វើបាតុកម្មប្រឆាំង គឺជារឿងរបស់គេ។ យើងគិត ការជួបជុំគ្នាសប្បាយរីករាយជាមួយគ្នា យើងរួបរួមគ្នា យើងស្ដាប់ការលំបាករបស់បងប្អូន នៅក្រៅប្រទេស យើងពិនិត្យមើលអ្វី ដែលយើងអាចជួយបងប្អូន នៅទីនោះបាន។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មិនមែនផ្តល់ការយកចិត្តទុកដាក់ ចំពោះខ្មែរនៅក្នុងប្រទេសទាំង១៧ លាននាក់នោះទេ គិតខ្មែរនៅក្រៅប្រទេសទាំងអស់ប្រមាណ ១លាននាក់ ឲ្យតែខ្មែរ វាជាបន្ទុករបស់យើង ព្រោះពួកគេសុទ្ធតែមានឈាម ជ័រជាខ្មែរ បើទោះបីជាពួកគេ មាននិន្នាការប្រឆាំងក៏ដោយ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ