កយកានៃប្រទេសកូរ៉េ ប្តេជ្ញាសហការជាមួយកម្ពុជាក្នុងការពង្រឹងភាពជាដៃគូទ្វេភាគី និងប្រជាជនកាន់តែជិតស្និទ្ធ
ភ្នំពេញ៖ តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា,KOICA) បានប្ដេជ្ញាប្រគល់ភារកិច្ចទទួលខុសត្រូវ ក្នុងការពង្រឹងភាពជាដៃគូរវាងកម្ពុជា និងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ខណៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ កយកា បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក។
ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន កយកា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រារព្វខួបលើកទី២០របស់ខ្លួននៅកម្ពុជា។ទីភ្នាក់ងារ កយកា បានបង្កើតការិយាល័យនៅបរទេស នៅទីក្រុងភ្នំពេញតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣ ។

កយកា បានឱ្យដឹងថាបន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេស KOICA បានចាប់ផ្តើមកម្មវិធីកិច្ចសហប្រតិបត្តិការ ជាមួយនឹងការផ្តល់ឧបករណ៍នៅក្នុងប្រទេសកម្ពុជា។ KOICA បានពង្រីក និងធ្វើពិពិធកម្មទម្រង់ជំនួយដល់កម្មវិធីពង្រឹងសមត្ថភាព កម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន គម្រោងភាពជាដៃគូប្រទេស និងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត។
កយកា បញ្ជាក់ថា៖«ជាច្រើនឆ្នាំមកនេះ KOICA បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជន តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក»។
ប្រភពដដែលបន្តថា គម្រោងដែលលេចធ្លោជាងគេនៅក្នុងរាជធានីនៃប្រទេសកម្ពុជា គឺមន្ទីរពេទ្យព្រះអង្គឌួង ដោយបានសាងសង់ទាំងមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ និង អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យនេះ។
កយកាបន្តទៀតថា៖« ប្រជាជនកម្ពុជាហៅ មន្ទីរពេទ្យព្រះអង្គឌួងថាជា មន្ទីរពេទ្យកូរ៉េ។ ជាមួយនឹងអគារថ្មី និងបរិក្ខារពេទ្យទំនើប។ ឥឡូវនេះមន្ទីរពេទ្យ ព្រះអង្គឌួង អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺដែលមកពីគ្រប់ខេត្តបានប្រសើរជាងមុន រួមទាំងប្រតិបត្តិការវះកាត់ ដែលពិបាករកបាន មុនពេលមានគម្រោងរបស់កយកា-KOICA»។

ក្នុងសេចក្តីប្រកាសបញ្ជាក់ផងដែរថា៖«តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កយកា-KOICA បានប្ដេជ្ញាប្រគល់ភារកិច្ចទទួលខុសត្រូវ ក្នុងការពង្រឹងភាពជាដៃគូវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជនកាន់តែមានភាពជិតស្និទ្ធ។ ដូចសុភាសិតខ្មែរពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់ កិច្ចខិតខំប្រឹងប្រែងរួមពីរដ្ឋាភិបាលទាំងពីរដោយឈរលើភាពជាដៃគូល្អនិងដ៏រឹងមាំ នឹងត្រូវបានបន្តដូចដែលមាន អស់រយៈពេល២០ឆ្នាំចុងក្រោយនេះ» ។
មានមន្ត្រីរដ្ឋាភិបាលកម្ពុជាជាង ៣.៥២៩នាក់ ដែលត្រូវបានអញ្ជើញទៅប្រទេសកូរ៉េ និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្ដាល រួមទាំងកម្មវិធីអាហារូបករណ៍ដែលផ្តល់មូលនិធិពេញលេញផងដែរ។

អតីតនិស្សិត និងកម្មសិក្សាការី នៃកម្មវិធីបណ្តុះបណ្ដាល របស់កយកាដែលហៅថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CANKA) មានភាពសកម្មក្នុងការផ្សព្វផ្សាយ ចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល និងក្នុងការអនុវត្តសកម្មភាពសង្គមនៅតាមបណ្តាខេត្ត។ ក្រៅពីនេះ កយកា បានបញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញជាង ៨៩២នាក់ ទៅកាន់បណ្តាខេត្តនានា ក្នុងវិស័យដូចជា សុខាភិបាល និងការអប់រំ ជាពិសេសសម្រាប់ភាសា(កូរ៉េ/ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) / កុមារ មត្តេយ្យ/ តន្ត្រី/ ការអប់រំកាយ រួមទាំងការបណ្តុះបណ្តាលតេក្វាន់ដូផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ កយកា៕


ដោយ៖ សុខ រក្សា