បារាំងនិងអាមេរិកស្រុះស្រួលគ្នាបន្តបេសកកម្មរក្សាសន្តិភាពនៅប្រទេសលីបង់

អ.ស.ប៖ នាថ្ងៃទី ៣១ ខែសីហាកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោត​ដើម្បី​បន្តបេសកកម្ម​រក្សាសន្តិភាពយូរអង្វែងនៅក្នុងប្រទេសលីបង់សម្រាប់រយៈពេលមួយឆ្នាំទៀត។ ការសម្រេចនេះធ្វើឡើង ក្រោយប្រទេសបារាំង និងអាមេរិកបានស្រុះស្រួលគ្នា​ដោយឈរ​លើគោលការណ៍រក្សាសេរីភាពនៃការ​ធ្វើសកម្មភាពររបស់កងទ័ពអង្គការសហប្រជាជាតិ។

ដោយឡែក កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់នេះ (UNIFIL) បានបង្កើតឡើង​ក្នុងឆ្នាំ១៩៧៨ សម្រាប់ការល្បាតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់​ជាមួយអ៊ីស្រាអែល។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានបន្តជា​រៀងរាល់ឆ្នាំ ហើយដែលថ្ងៃ​ព្រហស្បិ៍កន្លងទៅនេះ គឺជាថ្ងៃផុតកំណុត។

មុនពេលឈានដល់ព្រមព្រៀងបន្តបេសកកម្មនេះ​បារាំងបានបោះឆ្នោតលើសេចក្ដីព្រាងច្បាប់មួយ​ដោយ​មាន​សំឡេង​គាំទ្រចំនួន១៣ និងការបោះ​អនុប្បវាទ​ ដោយ​រុស្ស៊ី និង​ចិន។ ការ​បោះឆ្នោតផ្លូវការ​ដែល​គ្រោង​ទុក​នៅ​ថ្ងៃ​ពុធ​ក៏ត្រូវ​បាន​ពន្យារ​ពេល​ខណៈ​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក និង​អេមីរ៉ាត​អារ៉ាប់រួម​មានការខ្វែងគំនិតគ្នាបន្តិចបន្តួច។

ដោយឡែក នៅក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និង អេមីរ៉ាត​អារ៉ាប់រួម​បារាំង បាន បញ្ចូលនូវខ្លឹមសារនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាកាលពីឆ្នាំមុនឡើងវិញ និងបានទាមទារ ឱ្យ ភាគីទាំងអស់មានការគាំទ្រចំពោះការបន្តរក្សាសន្តិសុខនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាថា៖ «លទ្ធភាពរបស់កងទ័ព UNIFIL ក្នុងការអនុវត្តការទទួលខុស​ត្រូវ​របស់ពួកគេ ដោយមិនមានការរឹតបន្តឹងណាមួយ គឺជារឿងចាំបាច់បំផុត»។

លោកស្រី​បាន​បន្តថា​៖ «​​យើង​មាន​កង្វល់​ជា​យូរ​មក​ហើយ​ទាក់ទង​នឹង​សកម្មភាព​របស់​តួអង្គ​មួយ​ចំនួន​ក្នុងការ​រារាំង​សេរីភាព​នៃ​ការបំពេញបេសកកម្ម​ ហើយដំណោះស្រាយដែល​បានអនុម័តនៅ​ថ្ងៃនេះ​ជាការបញ្ជាក់ពីជំហរយ៉ាងរឹងមាំឡើងវិញនូវសេរីភាព​ក្នុងការធ្វើសកម្មភាពរបស់ក្រុមកងទ័ពUNIFIL» ។


គួរបញ្ជាក់ថា ការបន្តរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅលើប្រទេសលីបង់នេះ​កើតឡើងចំពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំង​ឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា​ដែលគាំទ្រ​ដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយភាគីនីមួយៗសុទ្ធតែបាន ត្រៀមខ្លួនសម្រាប់ការ​វាយ​ប្រហារណាមួយ។

កាលពីខែធ្នូកន្លងទៅផងដែរ កងរក្សាសន្តិសុខជនជាតិអៀរឡង់ម្នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍​ឆេះរថយន្ត នៅភាគខាងត្បូងប្រទេសលីបង់។ តុលាការ​យោធា​លីបង់​បាន​ចោទ​សមាជិក​ក្រុម​ហេសបូឡា​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ ប៉ុន្តែក្រុមហេសបូឡាបានបដិសេធ៕

ដោយ៖ កែវ បុស្បាhttps://www.reuters.com/world/france-us-compromise-renew-un-peacekeeping-mission-lebanon-2023-08-31/

ads banner