ទីបំផុតលោក ថាក់ស៊ីន ជាប់ពន្ធធនាគារត្រឹម១ឆ្នាំ បន្ទាប់ពីព្រះមហាក្សត្រថៃបន្ធូរបន្ថយទោស
បាងកក៖ រដ្ឋាភិបាលថៃ នៅថ្ងៃទី០១ ខែកញ្ញានេះ បានប្រកាសថា ព្រះមហាក្សត្រថៃបានសម្រេចបន្ធូរបន្ថយទោសជាប់ពន្ធនាគារដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពី៨ឆ្នាំមកនៅត្រឹមតែ១ឆ្នាំ។
ការព្រះរាជទានបន្ធូរបន្ថយទោសដល់លោក ថាក់ស៊ីន ពី៨ឆ្នាំមកនៅត្រឹមតែ១ឆ្នាំបានកើតមានឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក ថាក់ស៊ីន មានភាពស្មោះត្រង់នឹងស្ថាប័នរាជានិយម និង គោរពប្រព័ន្ធយុត្តិធម៌ នៅពេលកាត់ទោស ប៉ុន្តែបានកត់សម្គាល់ថា លោក ថាក់ស៊ីន កំពុងមានជំងឺឈឺថ្កាត់ផងដែរ។
ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីថៃថ្មី លោក ស្រេតថា ថាវីស៊ីន របស់គណបក្សភឿថៃ បានប្រាប់អ្នកយកព័ត៌មានថា គាត់អបអរសាទរដល់គ្រួសាររបស់លោក ថាក់ស៊ីន ហើយថា គ្រួសាររបស់គាត់ត្រូវតែរីករាយចំពោះព័ត៌មាននេះ។
គួរបញ្ជាក់ផងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា