ឯកឧត្តម ហ៊ុន ម៉ានី៖ យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា ព្រឹកនេះខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ជាការពិត គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។ ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថាជាការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ។ បន្ថែមពីលើនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានរំលេចផងដែរលើឃ្លាថា “ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ… ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ។” ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះបានបង្ហាញពីវប្បធម៌ ឬអាចនិយាយថា ជាDNA នៃការឯកភាព សាមគ្គីភាពផ្ទៃក្នុងរបស់យើង ដែលតែងតែធ្វើឲ្យយើងមានភាពធន់ និងកាន់តែរឹងមាំជានិច្ច។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងប្តេជ្ញាជានិច្ចក្នុងការគោរពតាមទស្សនវិស័យ និងគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចឥតងាករេ ក្នុងគោលដៅដើម្បីជាតិ និងប្រជាជនរបស់យើង ជាពិសេស គឺដើម្បីសេចក្តីសុខសាន្តនិងសុភមង្គលសម្រាប់អ្នកជំនាន់ក្រោយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី