ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងដើម្បីពង្រឹងយន្តការស្ថាប័ន និងសម្រួចកិច្ចការកំណែទម្រង់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំយន្តការស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ រសៀលថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
មុនឈានដល់ការពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ និងរម្លឹកជូនដល់អង្គប្រជុំនូវអនុសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើមូលដ្ឋានគ្រឹះចម្បងនៃការគិតគូររៀបចំតែងតាំងមន្ត្រី និងការគ្រប់គ្រង បែងចែកតួនាទី ប្រគល់ភារកិច្ចដល់មន្ត្រី តាមក្រសួង-ស្ថាប័នរដ្ឋ។
កិច្ចប្រជុំ បានប្រពឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ ក្នុងការពិនិត្យ ពិភាក្សាឯកសារសេចក្តីព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យគោលសំខាន់ៗ ដែលមានក្នុងរបៀបវារៈកិច្ចប្រជុំ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយទឹកចិត្តរីករាយថា ការចូលរួមគំនិតយ៉ាងផុសផុល ក្នុងន័យនៃការចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្រស់បំព្រង និងភាពសម្បូរបែបនៃគំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាបំពេញការងារឆ្ពោះទៅមុខ ខណៈមានការយល់ច្បាស់ពីបញ្ហាប្រឈមដែលអាចជួបប្រទះ ជាពិសេសក្នុងការងារកំណែទម្រង់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកជូនថ្នាក់ដឹកនាំនូវកត្តាដែលចាំបាច់ក្នុងការកែទម្រង់ រួមមាន៖ ឆន្ទៈនយោបាយ តួអង្គដឹកនាំអនុវត្ត និងការចូលរួមទាំងអស់គ្នា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ