មន្រ្តីជំនាញ អំពាវនាវឱ្យពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន អាចប្រឈមការជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្ស

អត្ថបទដោយ៖
CPA

កណ្ដាល៖មន្រ្តីជំនាញដែលធ្វើការពាក់ព័ន្ធការជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងធ្វើចំណាកស្រុកដោយខុសច្បាប់ឬប្រថុយប្រថាន ដែលអាចធ្លាក់ចូលក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

លោកស្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)​  បានអំពាវនាវបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ​ច្បាប់ ស្តីពីការបង្រ្កាបអំពើជូញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ រស់នៅឃុំប្រាសាទ ស្រុកស្អាង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣។

លោកស្រីបានថ្លែងថា គោលបំណង នៃការបើកវេទិកានេះឡើង គឺដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាម​ការឃោសនារបស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព​។  នេះបើតាម​មន្ទីរព័ត៌មានខេត្តសៀមរាប។

ក្នុងវេទិកានេះ លោកស្រីបានធ្វើការផ្សព្វផ្សាយខ្លឹមសារ និងមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើស។ ជាមួយគ្នានេះលោកស្រីបានព្រមទាំងអំពាវនាវថា៖«សូមអ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីផ្សព្វផ្សាយបន្តទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។

លោកស្រី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ពីផលប៉ះពាល់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេខ្យល់តាមគ្រប់រូបភាព ត្រូវរាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍​ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណាមកឃោសនា និងត្រូវចូលរួមសាមគ្គីសហការគ្នាជួយគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។

យោងរបាយការណ៍ស្តីពីការងារប្រយុទ្ធបឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងទិស​ដៅអនុវត្តបន្តឆ្នាំ២០២៣ មិនត្រឹមតែប្រជាជនកម្ពុជាទេ តែប្រជាជន​ដទៃទៀត​ក្នុងតំបន់​រហូត​ដល់​បណ្តាប្រទេសធំៗក្នុងពិភពលោកក៏ធ្លាក់ក្នុងភាពរង​គ្រោះដោយ​កលល្បិច​ឧក្រិដ្ឋជន។
ក្នុងរបាយការណ៍​ដដែលបញ្ជាក់ថា បញ្ហាជួញដូរមនុស្ស បានក្លាយជាវិបត្តិសាកល ដែលស្ទើរតែ​គ្រប់ប្រទេសក្នុងសាកល​លោក​កំពុងប្រឈម ដោះស្រាយ និងកាន់តែស្មុគ្រស្មាញខ្លាំងឡើង៕ ដោយ៖គឹម យុត្ថារ៉ូ

ads banner