មន្រ្តីពាណិជ្ជកម្ពុជា ប្រកាសស្វាគមន៍ក្រុមហ៊ុនអាមេរិកដែលមានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនអាមេរិកទាំងក្នុងតំបន់និងនៅអាមេរិក​ ដែលមានបំណងសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ខណៈតាមរយៈកិច្ចសហប្រតិ​បត្តិការល្អទ្វេភាគីនិងជំនួយនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើឱ្យទំនាក់ទំនងទាំងពីរឈានទៅមុខមួយកម្រិតទៀត។

ឯកឧត្តមបានលើកឡើងបែបនេះនាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Michael Burnett លេខាទី១ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៃការិយាល័យត្រួតពិនិត្យនិងនាំចេញប្រចាំតំបន់ នៃក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ប្រភពក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្នុងជំនួបនោះដែរឯកឧត្តម រដ្ឋ ​សារ៉ាវុធ បានលើកឡើង អំពីកំណែទម្រង់នៃកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗ ក្នុងនាមក្រសួងពាណិជ្ជកម្មជាសេនាធិការនៃរដ្ឋាភិបាលកម្ពុជា ព្រមទាំងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមិទ្ធិផលធំៗដែលសម្រេចបានរបស់ប្រទេសទាំងពីរ នាពេលកន្លងមក។ ជាមួយគ្នានេះ​លោកបានថ្លែងថា៖«សូមអំណរគុណ លោក Michael Burnett សម្រាប់ការផ្តល់ព័ត៌មានអំពីគម្រោងជំនួយបច្ចេកទេសនានាលើវិស័យអាទិភាពរបស់សហរដ្ឋអាមេរិកដល់កម្ពុជា  និងខ្ញុំសូមសម្តែងនូវការគាំទ្រ និងរីករាយស្វាគមន៍ជូនដល់ក្រុមហ៊ុនអាមេរិកទាំងនៅក្នុងតំបន់ និងមកពីសហរដ្ឋអាមេរិក ដែលបានស្វែងយល់អំពីឱកាស និងសក្តានុពលរបស់កម្ពុជា»។
ជាមួយគ្នានេះផងដែរ លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន។​

នាឱកាសនោះដែរ លោក Michael Burnett បានលើកឡើងថា  គោលបំណងនៃទស្សនកិច្ចក្រុមការងារនាពលេនេះ បាន កត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងប្រទេសទាំងពីរ ដើមី្បអាចទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា។ ជាពិសេស តាមរយៈការអនុវត្តគម្រោងជំនួយសម្រាប់ការរៀបចំច្បាប់ និងបទប្បញ្ញតិថ្មីៗ ការកសាងសមត្ថភាព ដែលជាការផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សំដៅចូលរួមចំណែកអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពជូនដល់មន្រ្តីរាជការ។
បន្ថែមពីនេះទៀត លោកក៏បានកោតសរសើរអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកធំៗមួយចំនួន ដែលបានមកបណ្តាក់ទុននៅកម្ពុជានាពេលបច្ចុប្បន្ន  និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។

គួរសម្រាបថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក ក្នុង​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ ​២០២៣ មានទឹក​ប្រា​ក់ជាង ៥,៣​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ១០​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ការនាំ​ចេញ​របស់​កម្ពុ​ជាមាន​ចំណែក​ជាង ៩៧ ​ភាគរយ​នៃ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​សរុប​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner